មុខសញ្ញា៣នាក់រាប់ទាំងជនជាប់ដីកាចាប់ខ្លួនត្រូវក្របួចជាប់ ខណៈ៤នាក់ទៀតរត់គេចបាត់

ចែករំលែក៖

ខេត្តកណ្តាល÷មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាង សកម្មដែលធ្លាប់ធ្វើសកម្មភាពរហូតដល់៥០លើក ចំនួន០៣នាក់ ក្នុងចំណោមបក្សពួក០៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនបានសម្រេចនៅ៣គោលដៅផ្សេងគ្នា ចំណែកឯ៤នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការក្ដៅគគុកនេះបានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រឃុំគគីរ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង០៣ នាក់ដែលត្រូវឃាត់ខ្លួនរួមមាន ទី១ ឈ្មោះ តាន់ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ,ទី២ ឈ្មោះ ធូ ប៊ុណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៣ ឈ្មោះ ឃុន រតនា ភេទប្រុស អាយុ ២៣ឆ្នាំ។ សម្រាប់ជនសង្ស័យឈ្មោះ ឃុន រតនា គឺមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន០២ច្បាប់ ចេញដោយលោក មៀច សិទ្ធិការ្យជេស៊ីការ្យ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ដោយអ្នកទាំងពីរក្រោយនេះមានទីលំនៅភូមិកោះបៀ ឃុំគគីរ។

ដោយឡែក ជនសង្ស័យ០៤នាក់ទៀតដែលមានអាយុចន្លោះពី២៨ឆ្នាំដល់៤៦ឆ្នាំ ហើយកំពុងរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់ទម្ងន់៣,២៨ក្រាម រួមនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកអធិការបានបន្តថា ជនសង្ស័យទាំង០៣នាក់នេះសុទ្ធសឹងតែជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាង សកម្ម ដោយពួកគេបានសារភាពថាធ្លាប់ទិញគ្រឿង ញៀនយកមកចែកចាយបន្តរហូតដល់៥០លើកឯណោះ ដោយទិញម្ដងៗក្នុងតម្លៃចាប់ពី២០ម៉ឺនរៀលដល់៧០ ម៉ឺនរៀល ហើយយកមកបំបែកលក់ក្នុងតម្លៃ០១ម៉ឺនរៀលទៅ០២ម៉ឺនរៀល។ ចំពោះការបង្ក្រាបនេះគឺធ្វើឡើងនៅ៣គោលដៅ ដោយគោលដៅទី១ កាលពីម៉ោង ២៣និង៤០នាទី ថ្ងៃទី២៦ មិថុនា និងគោលដៅទី២ កាលពីម៉ោង១៤និង១០នាទី ថ្ងៃទី២៧ មិថុនា នៅចំណុចភូមិកោះបៀ ឃុំគគីរ ចំណែកគោលដៅទី៣ ធ្វើឡើងនៅម៉ោង១៨និង៤០នាទី ថ្ងៃទី២៧ មិថុនា នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ។

...

លោកអធិការបានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះទទួលបានជោគជ័យដោយសារការសហការរាយការណ៍ពីប្រជាពលរដ្ឋ និងកម្លាំងល្បាតប្រចាំការចុះដល់គោលដៅបានទាន់ពេលវេលា។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងសុំគោលការណ៍ពីឯកឧត្តមស្នងការខេត្ត ដើម្បីបន្តស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាដែលកំពុងរត់គេចខ្លួនបន្ថែមទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print