សមត្ថកិច្ចបង្ក្រាបជនសង្ស័យ៥នាក់ករណីកាប់ប្លន់ម៉ូតូនៅវេលាកណ្ដាលអាធ្រាតលើផ្លូវជាតិលេខបីក្នុងស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី២៩ខែមិថុនានេះថា កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រលេខ ៣៤ -៣៥ នៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលមានករណីកាប់ប្លន់ម៉ូតូមួយបានកើតឡើងហើយរហូតដល់ថ្ងៃទី២៨ ខែមិថុនា សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៥នាក់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ​២នាក់ឈ្មោះ​ លឹម គីមហួរ ភេទប្រុស អាយុ២២ឆ្នាំសព្វថ្ងៃស្នាក់នៅផ្ទះជួលនៅភូមិក្រសាំងជីមែ វាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ និងឈ្មោះ​ តន​ សុភក្តី ភេទប្រុស អាយុ២៤ឆ្នាំសព្វថ្ងៃស្នាក់នៅផ្ទះជួលនៅភូមិ​ ស្តេច ឃុំ​ វាល ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺមុខរបរកម្មកររោងចក្រ(រងបួស)។

ចំណែក ជនសង្ស័យ​ ០៦នាក់៖

១.ឈ្មោះ សុផល លីហួ ភេទប្រុស អាយុ​ ១៧ បច្ចុប្បន្នរស់នៅភូមិ-សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​(-)។

២.ឈ្មោះ ប៊ុន រ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងឃ្លាំង​ ម្ដុំតាំងក្រសាំង ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញមុខរបរ កម្មករដឹកអីវ៉ាន់(ឃាត់ខ្លួន)គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​(-)។ 

៣.ឈ្មោះ សួន រ៉ាត់ថៃ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងឃ្លាំងភូមិឃ្មួញ សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរ កម្មករដឹកអីវ៉ាន់ (ឃាត់ខ្លួន)គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​(-)។

៤.ឈ្មោះឈៀង ឈុននី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​(-)។ 

៥.ឈ្មោះ ឡៅ មករា ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងឃ្លាំង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញមុខរបរ កម្មករឃ្លាំងលក់ខ្សែភ្លើង(ឃាត់ខ្លួន)គ្មាន​សារធាតុ​ញៀន​ក្នុង​

ទឹក​នោម​(-)។

៦.ឈ្មោះគូ ភេទប្រុស រស់នៅម្ដុំព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)។

សម្ភារៈបាត់បង់រួមមាន:

-ម៉ូតូ០១គ្រឿងម៉ាកHonda Dream C១២៥ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខសៀមរាប1AS-9030។ 

វត្ថុតាងចាប់យករួមមាន: កាំបិតផ្គាក់០១ផ្លែដែក ដងឬស្សី ប្រវែង៧០សង់ទីម៉ែត្រនិងម៉ូតូ២គ្រឿង ក្នុងនោះ មានម៉ាកHonda Dream C១២៥ពណ៌ឈាមជ្រូក  ស៊េរីឆ្នាំ២០២៥ ឡើងតែមឆ្នាំ២០២៦ ពាក់ផ្លាកលេខ ព្រះវិហារ 1F-326ន1និងម៉ាកHonda Dream C១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ឡើងតែឆ្នាំ២០២៥ ពាក់ផ្លាកលេខ  1KK-2814

-ទូរសព្ទចំនួន ០៥ គ្រឿង

+ម៉ាកiphone 8 ពណ៌ស

+ម៉ាក iphone 12 pro ពណ៌ទឹកសមុទ្រ

+ម៉ាក iphone 12 pro ពណ៌ទឹកប៊ិច

+ម៉ាក iphone 12 pro ពណ៌ខ្មៅ

+ម៉ាក iphone 12 pro ពណ៌ទឹកប៊ិច

                

ប្រភពបានបន្តទៀតថា កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៦វេលាម៉ោង២៣:១០នាទីជនរងគ្រោះបានជិះម៉ូតូចេញពីចំណុចផ្ទះជួលស្ថិតនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដេីម្បី​ទៅ​លេង​ផ្ទះ​បង​ប្អូន​នៅ​ភូមិ​ ព្រៃ​ទទឹង​ ឃុំព្រះនិពាន្ធ​ ស្រុកគងពិសី​ 

ខេត្តកំពង់​ស្ពឺ​ ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​។ លុះដល់វេលាម៉ោង២៣:៣០នាទី ពេលជនរងគ្រោះទាំងពីរនាក់ជិះមកដល់ចំណុច​កេីត​ហេតុ​ខាង​លើ​ ភ្លាម​នោះក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់និងកាប់មកលើជនរងគ្រោះចំក្បាលនិងកញ្ជឹងកបណ្តាលឱ្យមាន របួស និងដួលម៉ូតូ រួចក្រុមជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ។​ 

លុះដល់ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញស្រុកនិងកម្លាំងការិយាល័យព្រហ្មទណ្ឌ ខេត្តកណ្ដាល បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ និងកម្លាំងរាជធានីភ្នំពេញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ខាងលេី​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ ដើម្បីសាកសួរ ។

តាមចម្លើយក្រុមជនសង្ស័យបាន​សារភាពថា មុនពេលកើតហេតុ​បក្ខពួក​ខ្លួន​ប្រមូលផ្ដុំគ្នានៅម្ដុំស៊ីឡឹប រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះប៊ុន រ៉ាត់ បាននិយាយបបួល​បក្ខពួក​ថា តស់លេងជាមួយករណី ។ពេល​និយាយ​រួចក្រុម​ជន​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ភ្នំពេញ​តាមបណ្ដោយផ្លូវជាតិលេខ ៣ គោលដៅទិសពីជើងទៅត្បូង ដោយជិះម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យឈ្មោះសួនរ៉ាត់ថៃ ឌុបជនសង្ស័យឈ្មោះប៊ុន រ៉ាត់ កាន់កាំបិតប័ងតោ ហើយជនសង្ស័យឈ្មោះឡៅ មករា ជិះ​ជាមួយ​ឈ្មោះសុផល លីហួ ហេីយឈ្មោះ​ គូ កាន់កាំបិតប័ងតោ ឌុបជនសង្ស័យឈ្មោះឈៀង ឈុននី កាន់កាំបិតផ្គាក់ដងឫស្សី ។

ពេល​ជិះ​តាម​ផ្លូវ​បាន​ឃើញជនរងគ្រោះជិះម៉ូតូបញ្ច្រាសទឹសគ្នា​ ភ្លាម​នោះក្រុមជនសង្ស័យក៏ជិះបកត្រឡប់តាមជនរងគ្រោះពីក្រោយ។ ពេលជិះតាមដល់ជនរងគ្រោះ ជនសង្ស័យឈ្មោះគូ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ហើយ​ជនសង្ស័យឈ្មោះប៊ុន រ៉ាត់ បានជិះមកដល់រួចធ្វើសកម្មភាពកាប់ជនរងគ្រោះបន្ថែមទៀត។ បន្ទាប់មកជនសង្ស័យឈ្មោះគូបានចុះលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនមកភ្នំពេញ ។ លុះស្អែកឡើងជនសង្ស័យឈ្មោះគូ បានយកម៉ូតូរបស់ជនរងគ្រោះលក់បានប្រាក់ចំនួន៦០០$

រួចផ្ញើលុយទៅ​បក្ខពួក​ខ្លួនតាម QR ដោយឲ្យជនសង្ស័យឈ្មោះឈៀង ឈុននី​ បានចំនួន១០០ដុល្លារ ជនសង្ស័យឈ្មោះប៊ុន រ៉ាត់ ចំនួន ១៥០ដុល្លារ និងជនសង្ស័យឈ្មោះសួន រ៉ាត់ថៃ ចំនួន ១៥០ដុល្លារ។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៥នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print