គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានបញ្ជាក់ថា ក្រុមរបស់លោកនឹងបន្តលេងបែបវាយលុកដដែល ក្នុងការប្រកួតវគ្គ 32 ក្រុមចុងក្រោយទល់នឹងស៊ុយអែត នាថ្ងៃអង្គារ ដោយលោកជឿជាក់ថា បារាំងនៅតែមានសមត្ថភាពបង្កគ្រោះថ្នាក់ដល់គូប្រកួតគ្រប់ពេល។
លោក Deschamps ដែលទើបត្រឡប់មកដឹកនាំក្រុមវិញ បន្ទាប់ពីចូលរួមពិធីបុណ្យសពម្ដាយរបស់លោក បានថ្លែងអំណរគុណចំពោះការគាំទ្រពីកីឡាករ និងក្រុមការងារ ដែលបានផ្ដល់កម្លាំងចិត្តក្នុងអំឡុងពេលដ៏លំបាកនេះ។
បារាំងរកបាន 10 គ្រាប់ ក្នុងវគ្គចែកពូល ហើយលោក Deschamps ជឿថា ក្រុមរបស់លោកនៅតែអាចរកគ្រាប់បាល់បានច្រើនជាងនេះ បើទោះបីជាមានចំណុចខ្វះខាតផ្នែកការពារក៏ដោយ។
ខ្សែបម្រើ Adrien Rabiot ក៏បានបង្ហាញការគាំទ្រចំពោះគ្រូបង្វឹកផងដែរ ដោយនិយាយថា កីឡាករទាំងអស់សោកស្តាយចំពោះការបាត់បង់ម្តាយរបស់លោក Deschamps ហើយនឹងព្យាយាមប្រកួតឱ្យបានល្អបំផុត ដើម្បីផ្ដល់ភាពរីករាយជូនគ្រូបង្វឹក។
ចំពោះគូប្រកួត ស៊ុយអែត លោក Deschamps បានវាយតម្លៃថា ជាក្រុមដែលមានរចនាសម្ព័ន្ធលេងរឹងមាំ មានកម្លាំងរាងកាយល្អ និងមានខ្សែប្រយុទ្ធដែលមានគុណភាពខ្ពស់ ព្រមទាំងគ្រោះថ្នាក់ពីបាល់ឈរ និងបាល់បោះចូលទីឆ្ងាយៗ។
ផ្នែកស្ថានភាពកីឡាករ ខ្សែប្រយុទ្ធ Marcus Thuram នឹងអវត្តមានដោយសាររបួសសាច់ដុំ ខណៈ N’Golo Kanté អាចមានឈ្មោះនៅកៅអីបម្រុង។ ចំណែកខ្សែការពារ William Saliba នៅតែស្ថិតក្រោមការតាមដាន ប៉ុន្តែលោក Deschamps បញ្ជាក់ថា គ្មានអ្វីគួរឱ្យបារម្ភឡើយ។
នៅខាងស៊ុយអែត គ្រូបង្វឹក Graham Potter ទទួលស្គាល់ថា ក្រុមរបស់លោកត្រូវតែបង្ហាញទម្រង់លេងល្អបំផុត ប្រសិនបើចង់ទម្លាក់បារាំង។
លោក Potter ក៏បានសង្កត់ធ្ងន់ថា ស៊ុយអែតមិនមានអ្វីត្រូវបង្ហាញនោះទេ ប៉ុន្តែចាត់ទុកការប្រកួតនេះជាឱកាសដ៏ធំមួយ។ «បើយើងមើលពីកន្លែងដែលយើងធ្លាប់ស្ថិត និងកន្លែងដែលយើងឈានមកដល់ពេលនេះ វាជាឱកាសដ៏អស្ចារ្យ។ កម្លាំងធំបំផុតរបស់យើងគឺសាមគ្គីភាព ហើយការប្រកួតជាមួយក្រុមដ៏អស្ចារ្យដូចបារាំង គឺជារឿងដែលធ្វើឱ្យយើងរំភើប។»
យ៉ាងណាក៏ដោយ ស៊ុយអែតនឹងអវត្តមានខ្សែការពារ Alexander Hien ដែលរងរបួសសរសៃពួរខាងក្រោយភ្លៅ (Hamstring) ក្នុងជំនួបដ៏សំខាន់នេះ៕











