ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង ក្នុងនោះពាក្យប្តឹងអនាមិកមាន ចំនួន៤៩ (២០,៩៤%), ពាក្យប្តឹងចំនួន៨ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន៥៤ បានចាត់ឱ្យបំភ្លឺ, ពាក្យប្តឹងចំនួន៩៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ, កំពុងបន្តស្រាវជ្រាវ ប្រមូលព័ត៌មានបន្ថែមចំនួន ៦០ពាក្យប្តឹង។
អង្គភាព ACU បានអន្តរាគមន៍ឱ្យជួយដោះស្រាយ ៤ពាក្យប្តឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ១១សំណុំរឿង។ ដោយឡែកក្នុងខែនេះ ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៥២ពាក្យប្ដឹងផងដែរ។យោងរបាយការណ៍របស់កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងធំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងថា គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ (១៩ ៤៧២រូប) តែងតាំងថ្មី (៣៥៣រូប) លាឈប់ ចប់អាណត្តិ (៣៣៨រូប) បញ្ឈប់ពីតំណែង (១២រូប) ចូលនិវត្តន៍ (៣៣៩រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន (២០ ៥២១រូប)។ដោយឡែកក្នុងខែនេះ
ដោយឡែកនៅក្នុងខែនេះ មន្ដ្រីចំនួន ១៦៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៤៩រូប និង ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ។
បើតាមការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ចំពោះការងារអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្នុងឆមាសទី១ ACU បានផ្សព្វផ្សាយតាមការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការថ្នាក់ជាតិ ក្រោមជាតិ សិស្ស និស្សិត និងកម្មសិក្សាការីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈចំនួន ១៤លើក ដោយមានចែកជូននូវឯកសារអប់រំ ដល់អ្នកចូលរួមចំនួន ៤២៦៤នាក់ ផ្សព្វផ្សាយតាមរយៈសោតទស្សន៍ ១៩ឃ្លីបវីដេអូ និងផ្ទាំងរូបភាពអប់រំ ៧៨ផ្ទាំងរូបភាព, ត្រៀមផែនការសម្រាប់យុទ្ធនាការចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ សម្រាប់ឆ្នាំ២០២៦។
គួរជម្រាបថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានកិច្ចប្រជុំលើកទី១១ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុ ឆ្លង និងអនុម័តរបាយការណ៍ឆមាសទី១ ប្រចាំឆ្នាំ២០២៦ សម្រាប់គោរពជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី, របាយការណ៍ក្នុងខែ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕
ដោយ៖តារា










