ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា ម្នាក់ ក្នុងករណីលួចម៉ូតូនៅចំណុចកន្លែងចាក់សម្រាម (អគារគ្មានមនុស្សស្នាក់នៅ) ក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងថាជនសង្ស័យមានឈ្មោះ រី ដារ៉ា ហៅរ៉ូ អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារ៉ាយ ខេត្តកំពង់ធំ ។
ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត ក្រោយពេលទទួលបណ្ដឹងប្រជាពលរដ្ឋប៉ុស្តិ៍ នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានមកថា នៅត្រង់ចំណុចរោងកម្មករស្នាក់នៅខាងក្រោយក្រុមហ៊ុនកាស៊ីណូយុងយ័ន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពួកគាត់បានឃាត់មុខសញ្ញាម្នាក់ ភេទប្រុស ដែលបានធ្វើ សកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកស៊ីរួស ពណ៌ខ្មៅ គ្មានស្លាកលេខ កាលពីវេលាម៉ោង៩:៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចកន្លែងចាក់សម្រាម (អគារគ្មានមនុស្សស្នាក់នៅ) ចំណែកបក្ខពួកបានជិះម៉ូតូ (របស់ខ្លួន)រត់គេចខ្លួនបាត់ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាល បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ និងបាន សហការជាមួយផ្នែកគ្រឿងញៀន ជាលទ្ធផល វិជ្ជមាន (+) ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលក្រុងបាវិត បានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន










