ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១២និង ៤៥នាទីនៅចំណុចមុខរោងចក្រដែក ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពិសិដ្ឋ សំណាង ហៅ គួក ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន។ បច្ចុប្បន្នជនសង្ស័យស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម(+)។
វត្ថុតាងចាប់យក៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ice)ចំនួន០២កញ្ចប់មធ្យមទម្ងន់ ១,២៥ក្រាម។
២-ទូរស័ព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ទឹកសមុទ្រ។
៣-ម៉ូតូចំនួន ០១ គ្រឿងម៉ាកហុងដាឌ្រីមផលិតឆ្នាំ ២០០១ ពាក់ស្លាកស្លាកលេខ 1A-5108 ។
ប្រភពបានបន្តទៀតថា នៅម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ឋល្អដែលបំពេញការងារនៅក្នុងរោងចក្រដែក បានរាយការណ៍មកកម្លាំងសមត្ថកិច្ចថា មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពលក់ថ្នាំញៀន នៅមុខរោងចក្រដែក។ ពេលដែលទទួលបានពត៍មាននេះភ្លាម កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ កម្លាំងអាវុធហត្ថស្រុក និងកម្លាំងប្រជាការពារ បានចេញទៅទីតាំងកើតហេតុ ក៏បានឃើញជនសង្ស័យខាងលើកំពុងតែអង្គុយលើម៉ូតូ។ ភ្លាមៗនោះកម្លាំងឃាត់សួរនាំ និងសុំធ្វើការឆែកឆេរក៏បានរកឃើញថ្នាំញៀនចំនួន០២កញ្ចប់មធ្យម ដែលជនសង្ស័យបានលាក់ទុកក្នុងហោប៉ៅខោខាងស្តាំ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង មកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ពិសិដ្ឋ សំណាង បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០២ កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សស្រីម្នាក់មិនស្គាល់នៅទំនប់ឆ្កែឆ្កួត ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងតម្លៃ 50000 រៀល (ប្រាំម៉ឺនរៀល) ដេីម្បីយកលក់បន្ត ហើយខ្លួនចេះលក់ថ្នាំញៀនបានរយះពេល ៥ខែមកហើយ។ ក្រៅពីប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










