ទីព្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងជាប្រមុខការទូតលោកស្រីអង់សានស៊ូជី បានប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិថា នឹងគាំទ្រជនជាតិរ៉ូហ៊ីងយ៉ា រស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ពេញសិទ្ធ។ ការប្រកាសខាងលើក៏ជាសន្តរកថា ដំបូងរបស់លោកស្រីនៅក្នុងសន្និបាតអង្គការសហប្រជាជាតិផងដែរ។
ក្នុងសន្ទរកថា លើកទី១នេះ លោកស្រី ស៊ូជី បានសន្យានៅចំពោះមុខអង្គការសហប្រជាជាតិ តែម្តងថា នឹងគាំទ្រសិទ្ធិជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅក្នុងភាពរើសអើងក្នុងប្រទេសភូមា។ លោកស្រីស៊ូជី មិនបានលើកឡើងនូវពាក្យថា រ៉ូហ៊ីងយ៉ា ចំៗទេ។ ប៉ុន្តែលោកស្រីបានថ្លែងថា លោកស្រីនឹងគាំទ្រការងាររបស់គណៈកម្មាធិការរដ្ឋាភិបាលមីយ៉ាន់ម៉ា ចំពោះសំណុំរឿងនេះ។
លោកស្រីសន្យាទៀតថា យើងប្តេជ្ញាចិត្តតស៊ូប្រឹងប្រែងដើម្បីសម្រេចឲ្យបានសន្តិភាពនិងភាពរុងរឿងនៅរដ្ឋរ៉ាក់ឃីន ដែលសំបូរជនជាតិរ៉ូហ៊ីងយ៉ារស់នៅ ។ លោកស្រីស៊ូជី ក៏មិនភ្លេចសុំឲ្យសហគមន៍អន្តរជាតិយោគយល់មីយ៉ាន់ម៉ាចំពោះបញ្ហានេះដែរ។
គួររំលឹកថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបង្កើតគណៈកម្មាធីការមួយទទួលបន្ទុកដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។ មីយ៉ាន់ម៉ា បានតែងតាំងអតីតប្រធានអង្គការសហប្រជាជាតិកូហ្វ៊ី អាណាន់ ឲ្យធ្វើជាប្រធានគណៈកម្មាធីការ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រស់នៅរងការរើសអើងហិង្សាពីសំណាក់អ្នកកាន់ពុទ្ធសាសនាជ្រុលនិយមនៅមីយ៉ាន់ម៉ា។ ប្រជាជនមីយ៉ាន់ម៉ាចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាថា ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស៕
ប្រែសម្រួល៖ ម៉ែវ សាធី