កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទឈ្នក់នារដូវបិតនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងសមាជិកគណៈកម្មាធិការបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងមន្រ្តីក្រោមឱវាតសហការជាមួយកម្លាំងពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទប្រភេទឧបករណ៍ឈ្នក់នារដូវបិតនេសាទ។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ ប្រព្រឹត្តឡើងរយៈ២ថ្ងៃគឺថ្ងៃទី ២២-២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅបឹងទន្លេសាបត្រង់ចំណុចកោះរីក និងកន្លុកយាយពីង ក្នុងដែនសមត្ថកិច្ចសហគមន៍នេសាទកោះក្អែក ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក នាយរងខណ្ឌរដ្ឋជលផលពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការសហការគ្នាចុះបង្ក្រាបល្មើសនេសាទខាងលើ យោងតាមសារាចរក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លេខ៤១៧ សរណន កសក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ និងយោងតាមអនុសាសន៍របស់ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដូច្នេះយើងត្រូវតែសហការគ្នាអនុវត្តឲ្យខានតែបាន ខណៈរដូវបិតនេសាទដើម្បីទុកលទ្ធភាពត្រីពងកូន ក្នុងនោះរយៈ២ថ្ងៃនេះកម្លាំងធ្វើការបង្ក្រាបបទល្មើសប្រភេទឧបករណ៍ឈ្នក់ ជាប្រភេទឧបករណ៍ប្រើប្រាស់ភ្លើងអំពូលធ្វើឲ្យត្រីកុំ(ឈ្នក់) លទ្ធផលធ្វើការបង្ក្រាបចំនួន២៥កន្លែង បង្គោលចំនួន៥០ដើម ខ្សែនីឡុងប្រវែងចំនួន ២២០០ម៉ែត្រ និងសាច់ឈ្នក់១គ្រឿង។ លោកបន្តថា លទ្ធផលក្នុងការបង្ក្រាបជាវត្ថុតាង ត្រូវបានបំផ្លាញចោលនៅនិងកន្លែង ដោយកាប់ចញ្រ្ចាំ ហើយប្រតិបត្តិការនេះយើងនឹងកំពុងបន្តធ្វើការបង្ក្រាបនៅឡើយ លទ្ធផលនៅមានច្រើនជាបន្តទៀតលុះត្រាបទល្មើសប្រភេទនេះថយចុះ។

ប្រភពព័ត៌មានពីប្រជានេសាទនៅតំបន់នោះបានលើកឡើងថា អ្នកប្រព្រឹត្តបទល្មើសប្រភេទឧបករណ៍(ឈ្នក់)នេះ ច្រើនជាងគេគឺឈ្មោះ ង្វៀង យ៉ាំងចាវ ហៅជុំ ពៅ ជនជាតិវៀតណាម (ប្រធានសហគមន៍នេសាទភូមិកោះក្អែក) ង្វៀង យ៉ាំងវ៉េ ហៅ អ៊ឹង សុខុម ជនជាតិវៀតណាម (អនុប្រធានសហគមន៍នេសាទភូមិកោះក្អែក) ង្វៀង យ៉ាំងយ៉ុង ជនជាតិវៀតណាម (អនុប្រធានសហគមន៍នេសាទភូមិកោះក្អែក) ដូច្នេះបទល្មើសប្រភេទឧបករណ៍(ឈ្នក់)នេះកើតមានច្រើនរាប់រយកន្លែង ដោយសារតែប្រធាន,អនុប្រធានសហគមន៍នេសាទភូមិកោះក្អែក ជាជនជាតិវៀតណាមនេះឯង ដូច្នេះហើយមានតែសមត្ថកិច្ចជំនាញ ឬមន្ត្រីពាក់ព័ន្ធនឹងហើយ អាចរក្សាពូជមច្ឆាជាតិបាននៅបឹងទន្លេសាបបានខ្លះ ខណៈធុនធានធម្មជាតិកំពុងដុនដាប៕

photo_2016-09-22_12-17-50 photo_2016-09-22_12-17-46 photo_2016-09-22_12-18-05 photo_2016-09-22_12-18-21 photo_2016-09-22_12-18-26 photo_2016-09-22_12-18-09 photo_2016-09-22_12-18-01 photo_2016-09-22_12-17-58

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print