ខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅនាទីចុងក្រោយ ជួយឱ្យក្រុមជម្រើសជាតិន័រវែសយកឈ្នះ កូតឌីវ័រ និងកក់កៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 ដែលនឹងត្រូវជួបក្រុមជម្រើសជាតិប្រេស៊ីល។
ខ្សែប្រយុទ្ធរបស់ក្លិប Manchester City រូបនេះមិនសូវមានឱកាសបង្ហាញសមត្ថភាពប៉ុន្មានទេអំឡុងការប្រកួតនៅទីក្រុង Dallas ខណៈ Antonio Nusa និង Amad Diallo បានស៊ុតម្នាក់មួយគ្រាប់យ៉ាងអស្ចារ្យក្នុងការប្រកួតដ៏តានតឹង។
យ៉ាងណាក៏ដោយ នៅនាទីទី៨៦ Haaland បានឈរចាំនៅទីតាំងល្អ មុនបញ្ចប់ទីពីចម្ងាយជិត ក្រោយការបញ្ជូនបាល់ត្រឡប់ក្រោយរបស់ Patrick Berg ដើម្បីរកគ្រាប់បាល់ជ័យជម្នះឱ្យន័រវែស។
គ្រាប់បាល់នេះក៏ធ្វើឱ្យ Haaland រកបានគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិផ្លូវការជាប់ៗគ្នាចំនួន ១៣ ប្រកួត ហើយជួយឱ្យន័រវែសឈ្នះការប្រកួតវគ្គ ចាញ់ធ្លាក់ នៃ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
កូតឌីវ័រហាក់ដូចជាអាចទាញការប្រកួតទៅម៉ោងបន្ថែមបាន បន្ទាប់ពី Amad Diallo ដែលប្តូរចូលនៅតង់ទី២ ស៊ុតគ្រាប់តាមស្មើយ៉ាងស្រស់ស្អាតនៅនាទីទី៧៤។
Amad ត្រូវបានគ្រូបង្វឹក Emerse Fae ដាក់អង្គុយកៅអីបម្រុង ដោយជ្រើសរើសប្រព័ន្ធលេងការពារជា 4-1-4-1 តាំងពីដំបូង ដែលការសម្រេចចិត្តនេះត្រូវបានចាត់ទុកថាមិនសូវទទួលបានជោគជ័យ ខណៈកូតឌីវ័រពិបាកបង្កើតឱកាស មុនរបូតគ្រាប់បាល់នៅនាទីទី៣៩។
គ្រាប់បាល់នាំមុខរបស់ន័រវែសកើតឡើងពីស្នាដៃរបស់ Antonio Nusa ខ្សែបម្រើស្លាបវ័យ២១ឆ្នាំរបស់ ក្លិបRB Leipzig ដែលអូសបាល់ចូលប្រអប់គ្រោះថ្នាក់ពីស្លាបឆ្វេង មុនស៊ុតបាល់កោងយ៉ាងល្អចូលជ្រុងលើនៃទី។
ក្រោយតាមពីក្រោយ កូតឌីវ័រត្រូវបង្ខំចិត្តបង្កើនសម្ពាធវាយលុក ហើយការប្តូរ Amad ចូលបានផ្តល់ភាពរស់រវើកដល់ក្រុម។ ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះបានអូសបាល់កាត់ខ្សែការពារពីរនាក់ មុនស៊ុតបញ្ចូលទីយ៉ាងល្អ ដើម្បីរកគ្រាប់បាល់ទី២របស់ខ្លួនក្នុងការប្រកួតនេះ។
មុននោះបន្តិច Amad ក៏បានជួយសង្គ្រោះក្រុមផងដែរ ដោយទាត់បាល់ចេញពីលើបន្ទាត់ទី បន្ទាប់ពីខ្សែការពារន័រវែស Torbjorn Heggem ស៊ុតពីចម្ងាយជិត។
ប៉ុន្តែនៅក្នុងការប្រកួត World Cup ដែលតារាខ្សែប្រយុទ្ធកំពុងបង្ហាញភាពលេចធ្លោ Haaland មិនខកខានឱកាសសំខាន់ឡើយ ដោយស៊ុតគ្រាប់បាល់សម្រេចជ័យជម្នះ និងនាំន័រវែសឆ្ពោះទៅកាន់វគ្គបន្ទាប់៕










