ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ថ្មីៗពីរាជរដ្ឋាភិបាលដែលមានដូចតទៅ៖
ទី១៖ ក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បង្ហាញការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងថែមទៀត។ ការប្តេជ្ញាចិត្តនេះត្រូវបានសាទរនិងជំរុញលើកទឹកចិត្តបន្ថែមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាឱកាសដែលសម្តេចបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីឡាវនិងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំង៣ ដែលបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ដូចគ្នា។ វត្តមានរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនៅកម្ពុជា គឺដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីទាំង៣ ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ និងក៏បានរម្លឹកអំពីចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ឡាវ-វៀតណាម និងគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសភូមិផងរបងជាមួយគ្នាទាំង៣ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ទី២៖ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមមួយទៀតហើយថា ជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។ នេះបើយោងតាមទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិកឈ្មោះ U.S. News & World Report។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឈរនៅពីក្រោយកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ១ គឺមានប្រទេសឡាវ (ចំណាត់ថ្នាក់លេខ៦) និងមីយ៉ាន់ម៉ា (ចំណាត់ថ្នាក់លេខ១៦)។
ស្ថាប័ន U.S. News & World Report បានវាយតម្លៃដោយផ្តោតលើសូចនាករចំនួន៥ គឺការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបចំពោះកង្វះខាតទឹក។ របាយការណ៍នេះបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះ បានប្រើប្រាស់ទិន្នន័យពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO និងធនាគារពិភពលោកជាដើម ដែលបានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ កម្ពុជាក៏ធ្លាប់ទទួលបានការវាយតម្លៃឱ្យជាប់ចំណាត់ថ្នាក់លេខ១ថា ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៦ដែរ។ ការទទួលបានចំណាត់ថ្នាក់លេខ១ផ្ទួនៗក្នុងឆ្នាំ២០២៦ ដែលវាយតម្លៃដោយស្ថាប័នអន្តរជាតិមួយនេះ គឺជាលទ្ធផលមិនអាចប្រកែកបាននៃភាពជោគជ័យរបស់កម្ពុជាក្នុងការថែរក្សាបរិស្ថានធម្មជាតិ ធនធាន និងដី ប្រកបដោយនិរន្តរភាព ដែលផ្ទុយស្រឡះពីការវាយតម្លៃខុសការពិតពីសំណាក់ក្រុមដែលតាំងខ្លួនឯងថាជាសកម្មជនបរិស្ថានមួយចំនួនកាលពីពេលកន្លងទៅ។
ទី៣៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានបន្តចុះទាបបន្ថែមមួយកម្រិតទៀតក្នុងសប្តាហ៍នេះពោលគឺប្រេងសាំងធម្មតាមានតម្លៃ ៤ ០៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤០០០រៀល/លីត្រ។ ការចុះទាបនៃតម្លៃប្រេងឥន្ធនៈនេះ គឺដោយសារមួយផ្នែកប្រែប្រួលតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ តែមួយផ្នែកទៀត គឺដោយសារវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង រាជរដ្ឋាភិបាលបានចាត់វិធានការអន្តរាគមន៍ដូចជា៖
ទី១៖ បន្តបញ្ចុះ ៦,៥សេនដុល្លារ/លីត្រ ដែលរដ្ឋជាអ្នកចេញខាតជំនួស។ ទី២៖ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។ ទី៣៖ បញ្ចុះពន្ធគយដល់ ០(សូន្យ)ដុល្លារ និងទី៤៖ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០(សូន្យ)ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសសរុប ៦% សម្រាប់ប្រេងសាំងនិង ១០% សម្រាប់ប្រេងម៉ាស៊ូត។ វិធានការអន្តរាគមន៍យ៉ាងច្រើននេះ ត្រូវបានរាជរដ្ឋាភិបាលអនុវត្តចាប់តាំងពីមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបណ្តាលឱ្យតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់។ គោលដៅ គឺដើម្បីជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ៕
ដោយ៖តារា










