ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ហើយនាពេលនេះកំពុងស្ថិតក្នុងកិច្ចនីតិវិធីរបស់តំណាងអយ្យការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សូមជម្រាបថា ដោយយោងតាមបទបញ្ជាម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ មិថុនាម្សិលមិញនេះ កម្លាំងសមត្ថកិច្ច ជំនាញ បានចាប់ឃាត់ខ្លួនបញ្ជូន យកមកសាកសួរ រួចកសាងសំណុំរឿងបញ្ចូនទៅតុលាការ ករណីបុគ្គលរូបនេះ ប្រើហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេស ប៊ុកកាលពីពេលថ្មីៗនេះ។
ការសម្រេចឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីជនសង្ស័យមានឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃខែដដែល ពាក់ព័ន្ធសំណុំរឿងហិង្សាខាងលើ។
បើតាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បានឱ្យដឹងថា ការប្រព្រឹត្តិហិង្សា មិនអាចរលត់ទៅវិញបានតាមរយៈការចេញវីដេអូសុំទោសជាសាធារណៈនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបែបណាបន្ត គឺទុកជូនស្ថាប័ន្ថអយ្យការ។
គួររម្លឹកថា ក្រោយពីបានឃើញឃ្លីបវីដេអូបង្ហោះចែកចាយអំពីការប្រើប្រាស់ហិង្សារបស់បុគ្គល K01 ទៅលើយុវជនម្នាក់រួចមក កាលពីព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចេញបញ្ជាភ្លាមទៅកាន់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឱ្យចាត់វិធានការបន្ទាន់ បើទោះបីគ្មានបណ្តឹងរបស់ជនរងគ្រោះ ក៏នគរបាលត្រូវដើរតួនាទីជាដើមបណ្តឹងដែរ ៕ដោយ៖តារា










