រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ណែនាំឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ តាមរយៈយន្តការដែលមានស្រាប់ និងយន្តការថ្មីៗ តាមបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប និងបណ្តាញអេកូទេសចរណ៍តំបន់ទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ​៖​ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍​ បានបញ្ជាក់​ថា​ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មិនអាចសម្រេចបានដោយក្រសួងទេសចរណ៍តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល អង្គការដៃគូ វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច រក្សាធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។

ការបញ្ជាក់​បែបនេះ​របស់​លោករដ្ឋមន្ត្រី​ ហួត​ ហាក់​ បានធ្វេីឡេីង​កាលពីថ្ងៃទី​៣០​ ខែមិថុនា​ម្សិលមិញនេះ​ នាឱកាស​អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គការដៃគូ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារសហគមន៍ទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ និងបទពិសោធន៍ពីអង្គការដៃគូ ព្រមទាំងផ្លាស់ប្តូរទស្សនៈ និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងគោលដៅស្វែងរកកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

កិច្ចប្រជុំដ៏មានសារៈនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងតំណាងអង្គការដៃគូជាតិ និងអន្តរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសហគមន៍ទេសចរណ៍ ចំនួន១៤ រួមមាន៖ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT), សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA), អង្គការដើម្បីជីវភាព និងព្រៃឈើ (FLO), អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP Cambodia), អង្គការម្លប់បៃតង (Mlup Baitong), អង្គការឡែនឌីហ្សា (Landesa), អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)​, អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora), អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia), អង្គការអភិរក្សអន្តរជាតិ(Conservation International Cam​bo​di​a),​ អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN), អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF Cambodia) ដែលមានអ្នកចូលរួមសរុប ៦០នាក់។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដោយចាត់ទុកវិស័យទេសចរណ៍ជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ការធ្វើចំណាកស្រុក។

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិយោបល់ពីអង្គការដៃគូ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ តាមរយៈយន្តការដែលមានស្រាប់ និងយន្តការថ្មីៗ ដូចជាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប និងបណ្តាញអេកូទេសចរណ៍តំបន់ទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យអង្គការដៃគូធ្វើការចែករំលែកព័ត៌មានអំពីទីតាំងគម្រោង សហគមន៍ដែលកំពុងទទួលការគាំទ្រ សកម្មភាពដែលបានគ្រោងទុក និងវិស័យសក្តានុពលនានា ដើម្បីឱ្យក្រសួងទេសចរណ៍អាចសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបានកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យរៀបចំ Project Matching រវាងអង្គការដៃគូ និងសហគមន៍ទេសចរណ៍ ក្នុងទម្រង់ជាព្រឹត្តិការណ៍អម (Side Event) ជាមួយកិច្ចប្រជុំ ឬសិក្ខាសាលាពាក់ព័ន្ធ ជាពិសេសក្នុងឱកាសវេទិកាជាតិសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជំនួបជាមួយសហគមន៍ទេសចរណ៍ទូទាំងប្រទេស ដែលនឹងរៀបចំឡើងនាពេលខាងមុខ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print