មនុស្ស ៣នាក់បានស្លាប់ដោយសារខ្វះខ្យល់ដកដង្ហើម ខណៈអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុង ម៉ិកស៊ិកូស៊ីធី ដើម្បីអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិម៉ិកស៊ិកក្នុងការប្រកួត FIFA World Cup 2026។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលរដ្ឋធានី កាលពីព្រឹកថ្ងៃពុធ។
ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅក្បែរវិមាន Angel of Independence ដែលជាទីកន្លែងអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា បន្ទាប់ពីម៉ិកស៊ិកយកឈ្នះ អេក្វាឌ័រ ២-០ ក្នុងវគ្គ ៣២ក្រុមចុងក្រោយ។
អាជ្ញាធរបានឱ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់បានចុះជួយមនុស្ស ៣នាក់ ដែលសន្លប់នៅទីតាំងផ្សេងៗគ្នាជុំវិញមហាវិថី Paseo de la Reforma ដែលត្រូវបានបិទចរាចរណ៍សម្រាប់ការអបអរសាទរនេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បុរសអាយុ ៤៤ឆ្នាំ និងនារីអាយុ ១៩ឆ្នាំ បានស្លាប់ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមសង្គ្រោះជីវិតយ៉ាងពេញទំហឹងក៏ដោយ។
ក្រោយមក អាជ្ញាធរក៏បានបញ្ជាក់បន្ថែមថា ស្ត្រីម្នាក់ទៀតអាយុ ៤៨ឆ្នាំ បានរងអាការៈខ្វះខ្យល់ដកដង្ហើមនៅផ្លូវក្បែរនោះ ហើយបានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អភិបាលក្រុងម៉ិកស៊ិកូស៊ីធី លោកស្រី Clara Brugada បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងអំពាវនាវឱ្យប្រជាពលរដ្ឋ «អបអរសាទរដោយការទទួលខុសត្រូវ ការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ»។
អ្នកគាំទ្រម៉ិកស៊ិកបាននាំគ្នាចេញមកអបអរសាទរយ៉ាងកក្រើក បន្ទាប់ពីក្រុមជម្រើសជាតិបានបញ្ចប់ការរង់ចាំអស់រយៈពេល ៤០ឆ្នាំ ដើម្បីឈ្នះការប្រកួតវគ្គជម្រុះចាញ់ធ្លាក់ ក្នុងព្រឹត្តិការណ៍ World Cup ដោយជ័យជម្នះលើអេក្វាឌ័រ បានជួយឱ្យក្រុមម្ចាស់ផ្ទះរួមមួយនេះ ឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ។
ទោះជាយ៉ាងណា ភាពរីករាយរបស់អ្នកគាំទ្រ បានផ្ទុយស្រឡះពីរូបភាពដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញពីក្រុមសង្គ្រោះបន្ទាន់ និងបុគ្គលិកពេទ្យកំពុងជួយសង្គ្រោះមនុស្សជាច្រើន ដែលដួលសន្លប់នៅតាមដងផ្លូវក្បែរកន្លែងប្រារព្ធពិធី។
ទីក្រុង ម៉ិកស៊ិកូស៊ីធី ដែលមានប្រជាជនក្នុងតំបន់ទីប្រជុំជនជាង ២០លាននាក់ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក និងធ្លាប់ទទួលរៀបចំព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមយ៉ាងច្រើនជាញឹកញាប់៕










