ភ្នំពេញ៖ យុវជនម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច ក្រោយពេលជិះម៉ូតូដួលដោយខ្លួនឯងស្របពេលមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកមកពីក្រោយលឿនកិនចំក្បាលជនរងគ្រោះបន្ថែម រួចបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៦អា ចំណុចស្ពានលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1AO-6700 ជិះម្នាក់ឯងតាមបណ្ដោយផ្លូវជាតិលេខ៦អាក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាជនរងគ្រោះមានបញ្ហាអ្វីនោះទេស្រាប់តែដួលម៉ូតូដោយខ្លួនឯង សន្លប់ស្តូកស្តឹងនៅកណ្តាលផ្លូវ ហើយភ្លាមៗនោះដែរស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរមកពីក្រោយស្របទិសគ្នាក៏កិនចំក្បាលជនរងគ្រោះបែកខួរស្លាប់យ៉ាងអាណោចអាធ័ម រួចបន្តល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វាចុះមកដល់ធ្វើការពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










