ខេត្តបាត់ដំបង÷កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១៨ និង ១៥ នាទីនៅចំណុចវត្តជម្ពូវ័ន្តអង្គអែម ស្ថិត នៅក្រុមទី១ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានករណី ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស(ប្រើប្រាស់ពូថៅកាប់) កើតឡើងចំនួន០១ លើក ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ គូ ស៊ើ ភេទ ប្រុស អាយុ២៦ ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពប្រើប្រាស់ពូថៅកាប់លើជនរងគ្រោះ ជាព្រះសង្ឃព្រះនាម សូ សារឿន ព្រះជន៦៣ ព្រះវស្សា គង់នៅវត្តខាងលេី បណ្តាលឱ្យរងរបួសលើព្រះកេសរបស់ព្រះអង្គត្រូវបាននាំ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។
ទទួលបានព័ត៌មាននេះនៅថ្ងៃខែឆ្នាំដដែល ក្រោមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា នាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុក សាកសួរស្រាវជ្រាវ ដោយដកហូតវត្ថុតាងមានពូថៅចំនួន០១។
ជនសង័្សយខាងលើបានសារភាពទទួលស្គាល់សកម្មភាពល្មើសរបស់ខ្លួន ដែលបានប្រព្រឹត្តិចំពោះព្រះសង្ឃ ព្រះមានសូ សារឿន ពិតមែន ឯមូលហេតុឱ្យពិតប្រាកដជាមួយព្រះសង្ឃអង្គនេះមិនមាននោះទេ។
លោកវរសេនីយ៍ទោ សំ វីរៈ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពរបួសរបស់ព្រះសង្ឃរងគ្រោះហាក់ បានប្រសើរហើយ ទោះជាបែបនេះក្តីជនសង្ស័យរួមទាំងវត្ថុតាងខាងលើសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូន មកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕










