អាហ្សង់ទីន ប៉ះ កាបវែរ៖ ជើងឯកពិភពលោក ៣ សម័យ ទល់នឹងក្រុមបង្ហាញខ្លួនលើកដំបូង

ចែករំលែក៖

ការប្រកួតរវាង អាហ្សង់ទីន និង កាបវែរ (Cape Verde) ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ FIFA World Cup 2026 គឺជាការជួបគ្នារវាងក្រុមជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក និងក្រុមដែលទើបតែបង្ហាញខ្លួនក្នុង World Cup ជាលើកដំបូង។

អាហ្សង់ទីន៖ មហាអំណាចបាល់ទាត់ពិភពលោក

អាហ្សង់ទីនបានចូលរួម World Cup តាំងពីការប្រកួតលើកដំបូងក្នុងឆ្នាំ 1930 ដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់អ៊ុយរូហ្គាយ។

ក្រុមរហស្សនាម “La Albiceleste” ខកខានឡើង World Cup តែម្ដងគត់ គឺក្នុងឆ្នាំ 1970 ខណៈបានដកខ្លួនចេញពីការប្រកួតបីលើកជុំវិញសង្គ្រាមលោកលើកទី២។

អាហ្សង់ទីនធ្លាប់ឈ្នះពាន FIFA World Cup ៣ លើក៖

ឆ្នាំ 1978 (ឈ្នះហូឡង់ 3-1)

ឆ្នាំ 1986 (ឈ្នះអាល្លឺម៉ង់ខាងលិច 3-2)

ឆ្នាំ 2022 នៅកាតារ (ឈ្នះបារាំងដោយបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ 3-3)

លើសពីនេះ អាហ្សង់ទីនក៏ជាម្ចាស់ជើងឯក Copa America 16 សម័យ ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ រួមទាំងឈ្នះពីរលើកចុងក្រោយផងដែរ។

ចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក អាហ្សង់ទីនមិនដែលធ្លាក់ចេញពីកំពូល ៣ នៃចំណាត់ថ្នាក់ FIFA ឡើយ ហើយធ្លាប់ឈរលេខ១អស់រយៈពេលជាងពីរឆ្នាំ មុនត្រូវបារាំងដណ្តើមតំណែង។

កាបវែរ៖ ពីក្រុមតូចមួយ ទៅកាន់ World Cup ជាលើកដំបូង

កាបវែរ ដែលធ្លាប់ជាអាណានិគមរបស់ព័រទុយហ្គាល់ ត្រូវបានបង្កើតសហព័ន្ធបាល់ទាត់នៅឆ្នាំ 1982 និងក្លាយជាសមាជិក FIFA នៅឆ្នាំ 1986។

ក្រុមនេះចាប់ផ្តើមប្រកួតជម្រុះ World Cup ក្នុងឆ្នាំ 2002 ប៉ុន្តែទើបមានឱកាសពិតប្រាកដក្នុងឆ្នាំ 2022 ដោយខកខានកៅអីទៅកាតារ បន្ទាប់ពីស្មើនីហ្សេរីយ៉ា 1-1 នៅប្រកួតចុងក្រោយ។

សម្រាប់ World Cup 2026 កាបវែរ បានបង្កការភ្ញាក់ផ្អើលដោយឈរលេខ១ក្នុងពូល ដែលមានក្រុមខ្លាំងដូចជា កាមេរូន ដោយចាញ់តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតជម្រុះ។

កាបវែរបានចូលរួមពាន Africa Cup of Nations (AFCON) លើកដំបូងនៅឆ្នាំ 2013 ហើយបានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ។ ពួកគេក៏ធ្វើបានដូចគ្នានៅឆ្នាំ 2023 ប៉ុន្តែមិនអាចឡើងទៅ AFCON 2025 បាន ទោះបីជាបានកៅអី World Cup ក៏ដោយ។

បច្ចុប្បន្ន កាបវែរឈរលេខ 64 ពិភពលោក។

ក្រុមកាបវែរ ពឹងផ្អែកលើកីឡាករកើតនៅក្រៅប្រទេស

ការរីកចម្រើនរបស់កាបវែរ ចាប់ផ្តើមនៅឆ្នាំ 2010 នៅពេលគ្រូបង្វឹក Joao de Deus កោះហៅកីឡាករជាច្រើនដែលកើត និងរស់នៅក្រៅប្រទេស។

ក្នុងក្រុមបច្ចុប្បន្ន៖

កីឡាករ 12 នាក់ កើតនៅកាបវែរ

5 នាក់ កើតនៅហូឡង់

3 នាក់ កើតនៅបារាំង

3 នាក់ កើតនៅព័រទុយហ្គាល់

មិនមានកីឡាករណាម្នាក់លេងក្នុងលីគក្នុងស្រុកឡើយ។ កីឡាករ 23 នាក់ កំពុងលេងនៅអឺរ៉ុប ប៉ុន្តែមានតែ Logan Costa របស់ Villarreal ប៉ុណ្ណោះដែលលេងនៅលីគកំពូលទាំង៥របស់អឺរ៉ុប។

អ្នកចាំទីវ័យ 40 ឆ្នាំ Vozinha ដែលកំពុងបង្ហាញទម្រង់លេងល្អនៅ World Cup ពេលនេះ ក្លាយជាកីឡាករគ្មានក្លិប បន្ទាប់ពីផុតកិច្ចសន្យាជាមួយ Chaves។

តម្លៃក្រុមខុសគ្នាដូចមេឃ និងដី

យោងតាម Transfermarkt៖

កាបវែរ មានតម្លៃសរុបប្រមាណ 54.5 លានអឺរ៉ូ (ប្រហែល 46.8 លានផោន) ដែលស្ថិតក្នុងចំណោមក្រុមមានតម្លៃទាបជាងគេនៅ World Cup។

អាហ្សង់ទីន មានតម្លៃក្រុមសរុបដល់ទៅ 807.5 លានអឺរ៉ូ (ប្រហែល 693.7 លានផោន) ឈរលេខ៧ក្នុងការប្រកួត ខណៈបារាំងឈរលេខ១ មានតម្លៃជាង 1.52 ពាន់លានអឺរ៉ូ។

បើគិតតែកីឡាករ ១១ នាក់ដំបូង៖

អាហ្សង់ទីនមានតម្លៃសរុបប្រមាណ 360.3 លានផោន

កាបវែរ មានត្រឹម 19.77 លានផោន

កីឡាករមានតម្លៃខ្ពស់បំផុតរបស់អាហ្សង់ទីនគឺ Enzo Fernández (Chelsea) មានតម្លៃប្រហែល 77.4 លានផោន ដែលលើសតម្លៃក្រុមកាបវែរទាំងមូល។

សរុបទៅ មានកីឡាករអាហ្សង់ទីន 5 នាក់ ដែលមានតម្លៃទីផ្សារខ្ពស់ជាងក្រុមកាបវែរទាំងមូល។

បទពិសោធន៍ និងសមិទ្ធផលខុសគ្នាឆ្ងាយ

ក្នុងក្រុមអាហ្សង់ទីនបច្ចុប្បន្ន មានកីឡាករ 16 នាក់ ដែលធ្លាប់ឈ្នះ World Cup ឆ្នាំ២០២២ ហើយពួកគេក៏ធ្លាប់ឈ្នះជើងឯកលីគ និងពានរង្វាន់ធំៗជាច្រើនទាំងនៅអឺរ៉ុប និងក្នុងស្រុក។

ចំណែកកាបវែរ សមិទ្ធផលភាគច្រើនកើតឡើងនៅលីគប្រទេសតូចៗ ដូចជា ស៊ីប, ហុងគ្រី, អារ៉ាប់រួម និង Major League Soccer (MLS)។

ជោគជ័យធំបំផុតរួមមាន៖

Jovane Cabral ឈ្នះលីគព័រទុយហ្គាល់ជាមួយ Sporting CP រដូវកាល 2020-21។

Kevin Pina ឈ្នះលីគកំពូលរុស្ស៊ីជាមួយ Krasnodar រដូវកាល 2024-25។

...

ទោះបីអាហ្សង់ទីនត្រូវបានចាត់ទុកជាបេក្ខភាពខ្លាំងជាងយ៉ាងច្បាស់ក៏ដោយ កាបវែរបានបង្ហាញថាពួកគេជាក្រុមដែលមិនអាចមើលរំលងបាន បន្ទាប់ពីធ្វើដំណើរដ៏អស្ចារ្យមកកាន់ World Cup 2026 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print