ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកក្នុងទិសដៅបញ្រ្ចាសគ្នាបុកចំពីមុខយ៉ាងពេញទំហឹងអូសជាច្រើនម៉ែត្រ ហើយរថយន្តបង្កបានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៦ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LL-3885 តែម្នាក់ឯងតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿនមធ្យម លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចទៅកើតដោយល្បឿនលឿន ហេីយក៏រេចង្កូតទៅបុកចំពីមុខម៉ូតូប៉ើងអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែករថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍បានចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្ន និងធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កសមត្ថកិច្ចនឹងតាមស្រាវជ្រាវដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ










