ភ្នំពេញ៖ ជនសង្ស័យម្នាក់បានរាប់អានជាមួយស្ត្រីម្នាក់ទៀតជាបងប្អូនធម៌រយៈពេល២ឆ្នាំមកហើយ ទីបំផុតសុំខ្ចីម៉ូតូប្អូនស្រីធម៌ជិះ ប៉ុន្តែដោយសារតែខ្លាចចាញ់បោកបងធម៌ខ្ចីជិះទៅហើយស៊ីដាច់ ទើបនាងមិនព្រមឲ្យខ្ចីជិះនោះឡើយ ។ បន្ទាប់មកជនសង្ស័យរូបនោះក៏បានធ្វើសកម្មភាពចូលទៅលួចយកសោម៉ូតូដែលស្ត្រីជាប្អូនធម៌ផ្ញើទុកនៅនិងយុវជនម្នាក់ទៀតដែលជាសង្សាររបស់នាង រួចយកទៅចាក់បញ្ឆេះជិះចេញពីកន្លែងផ្ញើម៉ូតូយកទៅលក់ក្នុងតម្លៃ៦៥០ដុល្លារ ។ លុះ១ថ្ងៃក្រោយមកនាងបានអន្ទងហៅណាត់ជួបគ្នារួចក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣។ ក្រោយពីសាកសួរជននោះរួច នគរបាលក៏ឈានដល់ការឃាត់ខ្លួនបុរសម្នាក់ទៀតដែលជាអ្នកទិញម៉ូតូពីជនសង្ស័យខាងលើផងដែរ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ៤៧ ជាន់ទី៤ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឆេង ថុនា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលកើតហេតុជាមួយស្ត្រីជាប្អូនធម៌ ។ ចំណែកអ្នកទទួលទិញម៉ូតូនោះឬហៅថាអ្នកទទួលផលចោរកម្មឈ្មោះ មិន ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ដោយឡែកស្ត្រីជាប្អូនធម៌ឈ្មោះ សុផល មួយហេង អាយុ១៩ឆ្នាំ មុខរបរកម្មការីនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤៧ ជាន់ទី៤ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលប្រាប់ឲ្យដឹងថា ជនសង្ស័យនិងនារីរងគ្រោះបានរាប់អានគ្នាជាបងប្អូនធម៌តាមបណ្ដាញសង្គមហ្វេសប៊ុករយៈពេល២ឆ្នាំមកហើយ បន្ទាប់មកជនសង្ស័យក៏បានមកសុំនារីរងគ្រោះស្នាក់នៅក្នុងបន្ទប់ជួលជាមួយនាងបានរយៈពេល១ខែមកហើយដែរ ។ លុះដល់យប់ថ្ងៃកើតហេតុនាងបានយកម៉ូតូរបស់នាង១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌លឿង ផលិតឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ1LT-6342 ផ្ញើរនៅចំណតម៉ូតូជាន់ផ្ទាល់ដី រួចហើយក៏ទៅដើរលេងជាមួយមិត្តភក្តិ ។
នគរបាលបានប្រាប់ឲ្យដឹងទៀតថា រហូតដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានឆាតតាមបណ្តាញសង្គមហ្វេសប៊ុកទៅខ្ចីម៉ូតូរបស់នារីរងគ្រោះជិះ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យខ្ចីទេ ព្រោះមិនទុកចិត្តបងធម៌ម្នាក់នោះឡើយខ្លាចខ្ចីទៅហើយស៊ីដាច់ ។ ខណៈនោះ ស្រាប់ តែជនសង្ស័យបានចូលទៅលួចសោម៉ូតូពីយុវជនម្នាក់ដែលសង្សារនារីរងគ្រោះដែលកំពុងដេក លង់លក់នៅក្នុងបន្ទប់ជួលខាងលើ លុះលួចសោបានហើយ ក៏យកទៅចាក់បញ្ឆេះជិះយកទៅបាត់ស្រមោល ។
នគរបាលបានប្រាប់បន្តថា បន្ទាប់មកនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ ហើយនាងក៏បានណាត់ជនសង្ស័យមកជួបគ្នានៅចំណុចមុខអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ រហូតដល់វេលាម៉ោង ១១ និង៤០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ជននោះក៏បានទៅជួបនាង ហើយនារីរងគ្រោះក៏បានឃាត់ខ្លួនប្រគល់ជូននគរបាល ប៉ុស្តិ៍ចោមចៅទី៣ ឲ្យនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់ឲ្យនគរបាលដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយក្រោយពេលលួចបានហើយខ្លួនក៏បានជិះយកទៅលក់ឲ្យជនសង្ស័យឈ្មោះមិន ដារ៉ា ក្នុងតម្លៃ៦៥០ដុល្លារ ។
បន្ទាប់ពីបានចម្លើយសារភាពហើយ នគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានស្រាវជ្រាវ រហូតវេលាម៉ោង១៥និង ៣០នាទីរសៀលថ្ងៃ ខែ ឆ្នាំដដែល ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះមិន ដារ៉ា នៅចំណុចទល់មុខវត្តនន់មុនី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ខណៈនោះនគរបាលបានដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញហើយក្រោយពេលសាកសួរ ព្រមទាំងកសាងសំណុំរឿងរួច និងបញ្ជូនជនសង្ស័យទាំង២នាក់នោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕










