ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរីចំនួន ៧៨៥នាក់ជាបន្តទៀត ដែលពិធីនេះបានប្រារព្ធឡើងនៅក្រុងបានលុង ខេត្តរតនគិរី។
នេះជាបេសកកម្មលើកទី១៨ និងចំនួន២១ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប ,ឧត្តរមានជ័យ,បន្ទាយមានជ័យ ,បាត់ដំបង ,ប៉ៃលិន ,ខេត្តក្រចេះ ,មណ្ឌលគីរី និងរតនគិរី នាថ្ងៃនេះ។
តាមរបាយការណ៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានឱ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយ ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា មាន១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ។
ខេត្តរតនគិរីមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តក្វាងង៉ាយ ប្រទេសវៀតណាម។
ខាងជើងជាប់នឹងខេត្តអត្តពឺ ប្រទេសឡាវ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។
ខេត្តនេះមានច្រកទ្វារព្រំដែនអន្តរជាតិ១កន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ មកដល់អាណត្តិបច្ចុប្បន្ននេះ ខេត្តមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។
រតនគិរីមានរោងចក្រធុនធំចំនួន៩ មានរោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃកៅស៊ូ និងផ្លែឈើចំនួន១ និងកែច្នៃដំឡូងមីចំនួន១។ ខេត្តក៏មានក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យធនធានរ៉ែផងដែរ ដូចជាឧស្សាហកម្មរ៉ែមាសមាន ២ក្រុមហ៊ុន អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន អាជីវកម្មថ្មសំណង់មាន៣ក្រុមហ៊ុន និងអាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តរតនគិរីសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។ សម្ដេចតេជោបានមានប្រសាសន៍ថា ខេត្តនៅតំបន់ភូមិភាគឦសាននេះ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ដែលប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។
សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។ សម្ដេចក៏បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់យុទ្ធជនពលី យុទ្ធជនពិការ និងក្រុមគ្រួសារ ដោយសម្ដេចបានបញ្ជាក់ថា ការគ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ ដោយត្រូវជំរុញកូនចៅរបស់ពួកគេឱ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្ត ដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិ។
សម្ដេចក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ សម្ដេចតេជោក៏បានបន្តឱ្យអាជ្ញាធរខេត្តរតនគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ ដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំងបី នៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបី កាន់តែល្អប្រសើរ។
ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តរតនគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន៕
ដោយ ៖ សិលា











