ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជម្រាបលាក្នុងឱកាស ដែលលោកស្រីឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដោយជោគជ័យ។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកដ៏មានតម្លៃរបស់លោកស្រីឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងហ្វីលីពីនលើវិស័យនានា ជាពិសេសការសម្របសម្រួលនិងជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ហ្វីលីពីន និងទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Ferdinand R. Marcos, Jr., ប្រធានាធិបតីហ្វីលីពីន មកកម្ពុជា នៅក្នុងឆ្នាំ២០២៥ កន្លងមក។
លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី និងសហការីទាំងអស់នៅក្រសួងការបរទេសដែល បានផ្តល់ការគាំទ្រនិងកិច្ចសហការយ៉ាងសកម្មភាពក្នុងអាណត្តិបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា។
នៅក្នុងជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕
ដោយ៖តារា










