សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ តម្លៃប្រេងឆៅបានកើនជាង ៣ភាគរយ ក្រោយយោធាអាមេរិក និងអ៉ីរ៉ង់វាយប្រហារដាក់គ្នា ខណៈដែលទីក្រុងវ៉ាស៉ីនតោន ក៏បានដាក់ទណ្ឌកម្មឡើងវិញលើការលក់ប្រេងឆៅអ៉ីរ៉ង់ បង្កើនការភ័យខ្លាចថាបទឈប់បាញ់ដ៏ផុយស្រួយ កំពុងរលាយបាត់ ហើយការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាអាចរងការរំខានម្តងទៀត។
ប្រេងឆៅប្រភេទ Brent មានតម្លៃ ៧៦,៥៦ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៣,២ភាគរយ ឬ ២,៤០ដុល្លារ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លស ៧២,៧០ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៣,២ភាគរយ ឬ ២,២៦ដុល្លារ។
ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់ ទៅលើនាវាពាណិជ្ជកម្មចំនួន ៣គ្រឿង ដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz។ ក្រោយមក ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានកំណត់គោលដៅ លើទីតាំងយោធាអាមេរិក ក្នុងប្រទេសបារ៉ែន និងកូវ៉ែត នៅព្រឹកថ្ងៃពុធនេះ។
អ៉ីរ៉ង់ មិនបានចេញមុខអះអាងទទួលខុសត្រូ វចំពោះការវាយប្រហារកប៉ាល់ទាំងប៉ុន្មានខាងលើទេ ប៉ុន្តែកាតាបានដាក់បន្ទុកលើអ៉ីរ៉ង់ សម្រាប់ការវាយប្រហារទាំងនោះ រួមទាំងការវាយប្រហារកប៉ាល់ដឹកឧស្ម័នធម្មជាតិរាវរបស់កាតា។ អ្នកវិភាគទីផ្សារនិយាយថា ស្ថានភាពបច្ចុប្បន្ន រំលេចឱ្យឃើញថា ទីផ្សារលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានលក្ខណៈផុយស្រួយ៕

រូបថត:TTXVN









