ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិជាពិសេសច្បាប់សិទ្ធិមនុស្ស

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។

 

ក្នុងឱកាសនៃជំនួបនោះ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និង ស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការរើសអើងចំពោះពលករទេសន្តប្រវេសន៍កម្ពុជា ដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃរួមទាំងការគំរាមកំហែងនិងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ពីសំណាក់យោធាថៃនៅពេលត្រឡប់ពី ប្រទេសថៃមកប្រទេសកម្ពុជាវិញ ការវាយប្រហារដោយមិនរើសគោលដៅចូលជ្រៅមកលើដែនអធិបតេយ្យភាព របស់ប្រទេសកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែល ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់ ការព្យាយាមបង្កើតតថភាពថ្មី នៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។

 

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ទោះបីមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង២ម៉ឺននាក់មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជារបស់យោធាថៃ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print