សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេសនៃប្រទេសប៉ាគីស្ថាន បានចេញសេចក្តីថ្លែងការណ៍ ទទូចឱ្យភាគីទាំងអស់គោរពតាមការប្តេជ្ញារបស់ពួកគេ នៅក្រោមអនុស្សរណៈយោគយល់ទីក្រុងអ៉ីស្លាម៉ាបាដ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងបឋម ដែលចុះហត្ថលេខាជាមួយអ៉ីរ៉ង់កាលពីខែមុន គឺបានឈានដល់ទីបញ្ចប់ហើយ។
សេចក្តីថ្លែងការណ៍របស់ប៉ាគីស្ថាន បាននិយាយយ៉ាងដូច្នេះថា «ភាគីប៉ាគីស្ថានសូមទទូចឱ្យភាគីទាំងអស់ គោរពការប្តេជ្ញាចិត្តរៀងៗខ្លួនរបស់ពួកគេ នៅក្រោម MoU ទីក្រុងអ៉ីស្លាម៉ាបាដ ដែលនៅតែបន្តជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការយោគយល់ ការគោរពគ្នាទៅវិញទៅមក ព្រមទាំងវិបុលភាពរួម សម្រាប់តំបន់និងពិភពលោកទាំងមូល»។
កាលពីខែមិថុនា អាមេរិកនិងអ៉ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបឋម១៤ចំណុច ដែលហៅថាអនុស្សរណៈអ៉ីស្លាម៉ាបាដ រវាងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីផ្អាកសង្រ្គាម ហើយបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែក្នុងសប្តាហ៍នេះ អរិភាពរវាងភាគីទាំងពីរ បានផ្ទុះឡើងជាថ្មី នៅពេលកប៉ាល់ពាណិជ្ជកម្មប៉ុន្មានគ្រឿង រងការវាយប្រហារនៅច្រកសមុទ្រ Hormuz ហើយអាមេរិកនិងអ៉ីរ៉ង់ ក៏បានបើកការវាយប្រហារដាក់គ្នា ព្រមទាំងចោទគ្នាទៅវិញទៅមកអំពីការបំពានបទឈប់បាញ់។
កាលពីថ្ងៃពុធ អំឡុងពេលស្ថិតនៅប្រទេសតួកគីយ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO លោក ត្រាំ ត្រូវបានសាកសួរថា នាពេលនេះបទឈប់បាញ់ជាមួយអ៉ីរ៉ង់ គឺឈានដល់ទីបញ្ចប់ហើយមែនទេ ហើយលោកប្រធានាធិបតីអាមេរិក ក៏បានឆ្លើយតបថា បើតាមការយល់ឃើញរបស់លោកផ្ទាល់ គឺវាចប់ហើយ ហើយលោកថែមទាំងបន្ថែមទៀតថា ការចរចាជាមួយអ៉ីរ៉ង់គឺជារឿងចំណាយពេលឥតប្រយោជន៍៕









