ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈគ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅហេីយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងកាលពីវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី ០៩ខែកក្កដាឆ្នាំ២០២៦ស្ថិតលឿនលើផ្លូវវេងស្រេងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញផ្សែងលាយឡំនិងអណ្តាតភ្លើងឆេះចេញពីកន្លែងទុកក្រណាត់យ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរក៏មានសន្តិសុខនិងកម្មករស្នាក់នៅក្នុងនោះនាំគ្នាទាញបំពង់ពន្លត់អគ្គីភ័យនិងទុយោទឹកដើម្បីបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់។
ក្រោយមកខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើរួចក៏បញ្ជាឲ្យក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅចេញទៅជួយបាញ់ពន្លត់ភ្លាមៗផងដែរ។ បន្ទាប់ពីកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ឃើញថាប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបរលត់ទៅវិញជាស្ថាពរ ក្នុងនោះដែរមិនមានអ្នកស្លាប់និងរងរបួសនោះទេពោលគឺខូចខាតសម្ភារៈមួយចំនួនតែប៉ុណ្ណោះ។ ចំពោះមូលហេតុនៃការឆេះមន្រ្តីជំនាញធ្វើការស្រាវជ្រាវនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ









