Kylian Mbappe ស៊ុតបញ្ចូលទីគ្រាប់ទីប្រាំបីជួយបារាំងទម្លាក់ម៉ារ៉ុកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup

ចែករំលែក៖

ខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់បាល់ទីប្រាំបីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup លើកនេះ ដើម្បីប៉ះប៉ូវកំហុសនៃការទាត់បាល់ប៉េណាល់ទីមិនចូលនៅដើមការប្រកួត ខណៈដែលបារាំងបានបង្ហាញទម្រង់លេងល្អលើសលប់ទៅលើម៉ារ៉ុក និងបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

 

Mbappe បានរកចំណូលបាល់ប៉េណាល់ទីឱ្យក្រុមនៅវគ្គទីមួយ បន្ទាប់ពីរូបគេត្រូវបានខ្សែការពាររបស់ក្លិប Manchester United គឺកីឡាករ Noussair Mazraoui បង្កកំហុសទាត់ដួលនៅក្នុងប្រអប់គ្រោះថ្នាក់ ប៉ុន្តែការទាត់ពិន័យរបស់គេមិនសូវបានល្អនោះទេ ហើយត្រូវបានអ្នកចាំទី Yassine Bounou សង្គ្រោះបាល់បានយ៉ាងងាយស្រួល។

 

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ បានកែប្រែកំហុសរបស់ខ្លួនវិញនៅនាទីទី ៦០ តាមរយៈការស៊ុតបាល់បត់កោងយ៉ាងស្អាតពីខាងក្នុងតំបន់ពិន័យ ដើម្បីជួយឱ្យបារាំងនាំមុខមុន ដែលជាលទ្ធផលសក្តិសមនឹងទទួលបាន។

 

ម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Ousmane Dembele បានបង្កើនគ្រាប់នាំមុខទ្វេដងឱ្យបារាំងនៅប្រាំមួយនាទីបន្ទាប់ ក្រោយពេលរូបគេត្រូវបានបើកឱកាសឱ្យអូសបាល់សំដៅទៅតំបន់ការពាររបស់ម៉ារ៉ុក រួចស៊ុតមួយជើងទម្លុះសំណាញ់ទី ទោះបីជាអ្នកចាំទី Bounou បានលូកដៃប៉ះបាល់បន្តិចហើយក៏ដោយ។

 

គ្រាប់បាល់របស់ Mbappe នេះ បានធ្វើឱ្យរូបគេឡើងទៅឈរស្មើជាមួយកីឡាករ Lionel Messi របស់អាហ្សង់ទីន នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ប៉ុន្តែទោះជាយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បច្ចុប្បន្នកំពុងនាំមុខក្នុងចំណាត់ថ្នាក់ដណ្តើមពានរង្វាន់ស្បែកជើងមាស (Golden Boot) ដោយសាររូបគេមានស្ថិតិបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត (Assists) ច្រើនជាងអតីតមិត្តរួមក្រុមនៅក្លិប Paris St-Germain របស់ខ្លួន។

 

អ្នកទាំងពីរក៏កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញផងដែរ ក្នុងការដណ្តើមតំណែងជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយបច្ចុប្បន្ន Mbappe វ័យ ២៧ ឆ្នាំ រកបាន ២០ គ្រាប់ហើយ ខណៈដែលកំណត់ត្រាចាស់របស់ Messi វ័យ ៣៩ ឆ្នាំ គឺមាន ២១ គ្រាប់។

 

ម្ចាស់ជើងឯកពីរសម័យកាលបារាំង ដែលធ្លាប់បានចាញ់អាហ្សង់ទីនដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ នឹងត្រូវឡើងទៅជួបអេស្ប៉ាញ ឬបែលហ្ស៊ិក នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅទីក្រុង Dallas នាថ្ងៃអង្គារខាងមុខ (វេលាម៉ោង ២០:០០ ម៉ោងនៅចក្រភពអង់គ្លេស)។

...

 

គួររំលឹកផងដែរថា បារាំងធ្លាប់បានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ១៩៩៨ និង ២០១៨ ហើយត្រូវបានអ្នកវិភាគជាច្រើនទស្សន៍ទាយថា នឹងបន្តដំណើរទៅលើកពានរង្វាន់នេះម្តងទៀតនៅថ្ងៃទី ១៩ ខែកក្កដា ខាងមុខនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print