ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតាមលូកលាន់ប្រពន្ធគេជាច្រើនលើកច្រើនសា ហើយស្ត្រីរងគ្រោះក៏ប្រាប់ប្តីនាំឱ្យប្តីកើតភ្លើងប្រចណ្ឌទាញកាំបិតផ្គាក់កាប់ជាច្រើនកន្លែង។ លុះរំលងបានមួយថ្ងៃត្រូវសមត្ថកិច្ចមកឃាត់ខ្លួនជនដៃដល់ដល់ផ្ទះបញ្ជូនទៅសាលាដំបូងខេត្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ៈ០០នាទីយប់ថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៦ត្រង់ចំណុចខ្ទមចំការក្បែរអូរតេស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់បានឱ្យដឹងថាជនរងគ្រោះរបួសធ្ងន់មានឈ្មោះ
ស្រ៊ាង រស់នៅភូមិឃុំខាងលើ។
ចំណែកជនបង្កឈ្មោះ សុខ ង៉េន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែររស់នៅភូមិឃុំជាមួយគ្នា ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលឃុំចុងផ្លាស់ ។
ក្រោយឃាត់ខ្លួនជនបង្កបានសារភាពប្រាប់សមត្ថកិច្ចឱ្យដឹងថា ពេលខ្លួនមកពីដាក់បង្កៃនៅអូរតេ វេលាម៉ោងប្រហែលជា១១ទៅ១២យប់ ខ្លួនក៏ឃើញឈ្មោះ ស្រ៊ាង ឈរនៅជិតខ្ទម ដោយខ្លួនមិនបានហៅវាមកទេ។ បន្ទាប់មកប្រពន្ធខ្ញុំមកប្រាប់ខ្ញុំថា អាស្រ៊ាង វាលូកលាន់ខ្ញុំជាច្រើនដងហើយ ឮដូច្នេះខ្ញុំក៏ខឹងភ្លាម ស្ទុះទៅយកកាំបិតផ្គាក់ដែលផ្អែកជិតគ្រែ កាប់ទៅលើឈ្មោះស្រ៊ាងចំនួន៥កាំបិត ទី១កាប់ចំក្បាល១កាំបិត ទី២កាប់ចំដៃខាងឆ្វេង១កាំបិត ចំណែកទី៣.៤.៥ កាប់ចំជើងទាំង៣កាំបិត កាំបិតដែលខ្ញុំកាប់នេាះជារបស់អាស្រ៊ាងទេ គោលបំណងរបស់ខ្ញុំគឺកាប់ឱ្យវារាងកុំឱ្យ វាមករកប្រពន្ធខ្ញុំទៀត។
ចំណែកប្រពន្ធរបស់ខ្ញុំក៏ឃាត់ខ្ញុំឱ្យឈប់កាប់ទៅ ខ្ញុំឈប់កាប់ក៏នាំប្រពន្ធកូនមកផ្ទះវិញដោយទុកឈ្មោះស្រ៊ាង ដែលខ្ញុំកាប់នោះចោលនៅលើគ្រែ លុះដល់ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០ៈ៣៥នាទី ក៏មានសមត្ថកិច្ចមកចាប់ខ្លួនខ្ញុំយកមកប៉ុស្តិ៍តែម្តង។
សមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តមណ្ឌលគិរីចាត់ការបន្ត៕












