ភ្នំពេញ៖ បុរសម្នាក់ខណៈចេញពីក្លិបស្រវឹងស្រាជោកជាំបានជិះម៉ូតូក្នុងល្បឿនលឿនទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យក្រោមដី បណ្តាលឲ្យដួលសន្លប់ស្តួកស្តឹងតែម្នាក់ឯងនៅក្បែរម៉ូតូ ហើយត្រូវក្រុមឆ្លៀតឱកាសយកទូរស័ព្ទទៅបាត់ ។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូបព្រះមុនីរ៉េត នៅចំណុចក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់ឈ្មោះទេ ព្រោះក្រោយកើតហេតុនគរបាលមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះទៅដល់នាំយកទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះឲ្យដឹងខ្លួនឡើងវិញទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ។
ក្រោយខ្លួនជនរងគ្រោះប្រាប់សមត្ថកិច្ចយ៉ាងខ្លីថា ខ្លួនគាត់ទើបចេញពីផឹកស៊ីនៅក្លឹបជិះម៉ូតូទៅផ្ទះវិញក៏ជួបហេតុការណ៍អាក្រក់នេះកើតឡើងតែប៉ុណ្ណោះ ។
ចំណែកម៉ូតូរបស់ជនរងគ្រោះជិះដួលនោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ មិនមានការខូចខាតធ្ងន់ធ្ងរឡើយ គ្រាន់តែក្រពឹត និងហូរសាំងចេញពីធុងសាំងតិចតួចប៉ុណ្ណោះ ៕
ដោយ៖ ប្រាថ្នា