ភ្នំពេញ÷ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មរំលោភសម្លាប់ទៅលើគ្រូពេទ្យជនជាតិចិនម្នាក់ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់បន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនរងគ្រោះក្នុងករណីនេះ ត្រូវបានគេស្គាល់ ឈ្មោះ LIN ZHA កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩( ជនជាតិចិន )កាន់លិខិតឆ្លងដែនលេខ EJ7124095 មានមុខរបរជា(គ្រូពេទ្យ)ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ចំណែកជនដៃដល់ដែលត្រូវបានឃាត់ខ្លួន មាន ឈ្មោះ អ៊ឹង ឃាង អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ(នៅផ្ទះ) និងមានទីលំនៅជាមួយគ្នានៅកន្លែងកើតហេតុ ជាមួយគ្នា នឹងជនរងគ្រោះ ។
បច្ចុប្បន្នជន ដៃដល់ត្រូវបានឃាត់ខ្លួន និងសួរនាំបន្ថែម ដើម្បីបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ ៕












