ភ្នំពេញ៖ យោងតាមសារលិខិតនាទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ក៏ប៉ុន្តែយើងត្រូវបុរេសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជនវ័យចាស់ ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅពេលដែលប្រជាជនវ័យក្មេងបច្ចុប្បន្នទទួលបានឱកាសការងារ និងប្រាក់ចំណូលសមរម្យ ពួកគេមិនត្រឹមតែអាចលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពសន្សំ និងកសាងសុវត្ថិភាព ហិរញ្ញវត្ថុ សម្រាប់ធានាដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានលទ្ធភាពគាំទ្រកូនចៅជំនាន់ក្រោយ និងវិនិយោគបន្ត នៅពេលដែលពួកគាត់ឈានចូលវ័យចាស់៕
ដោយ៖តារា









