ទីស្តីការក្រសួងមហាផ្ទៃ៖ នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នាថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន (CMS)» ជូនដល់សិក្ខាកាមដែលជាមន្ត្រីនគរបាលជាតិ អញ្ជើញមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុបចំនួន ៣០រូប (ស្រី ០៣រូប)។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង គឺដើម្បីកសាង និងបណ្តុះបណ្តាលមន្ត្រីកងកម្លាំងដែលជាសិក្ខាកាមឱ្យក្លាយជាជនបង្គោល ដែលមានសមត្ថភាព ជំនាញច្បាស់លាស់ លើការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន (CMS) ឱ្យមានប្រសិទ្ធភាពខ្ពស់។
តាមរយៈវគ្គសិក្សានេះ សិក្ខាកាមទាំងអស់នឹងទទួលបានការបំពាក់បំប៉ននូវចំណេះដឹងឌីជីថលក្នុងការបញ្ចូល ស្វែងរក រក្សាទុក និងវិភាគទិន្នន័យពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដើម្បីបម្រើឱ្យកិច្ចប្រតិបត្តិការជំនាញ សំដៅបង្កើនល្បឿន និងភាពសុក្រិតក្នុងការបង្ក្រាបបទល្មើស ក៏ដូចជាការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនដែរថា ការបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឧក្រិដ្ឋជន (CMS)» នាពេលនេះ បញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងមហាផ្ទៃ ក្នុងការធ្វើទំនើបកម្មការងារសន្តិសុខ និងការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងកងកម្លាំងនគរបាលជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖តារា














