ភ្នំពេញ៖ យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថា លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Guillaume Chevrollier ប្រធានគណៈកម្មការនយោបាយ នៃសភានិយាយភាសាបារាំង (APF) ដែលបានជួយជ្រោមជ្រែង និងជំរុញឱ្យមានការសម្រេចចិត្តក្នុងការអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងការដោះស្រាយជម្លោះដោយសន្តិវិធី។
នៅក្នុងឱកាសនោះ លោក ឈាង វុន បានអះអាងថា នេះគឺជាជោគជ័យមួយដែលសភាកម្ពុជាបានអនុវត្តនយោបាយការទូតសភារបស់ខ្លួន ធ្វេីអោយសភាមកពីជាង ៩០ ប្រទេស
ជុំវិញពិភពលោក បានជ្រួតជ្រាប និងយល់ដឹងយ៉ាងច្បាស់អំពីអង្គហេតុពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា។
ការសម្រេចចិត្តរួមគ្នានៅលើឆាកអន្តរជាតិនាពេលនេះ មិនត្រឹមតែបង្ហាញពីការគាំទ្រដល់យុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយទំនាស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិផងដែរ៕
ដោយ៖ សិលា











