គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps បាននិយាយថា បារាំងនឹងមិនអនុញ្ញាតឱ្យអេស្ប៉ាញគ្រប់គ្រងបាល់ដោយងាយស្រួលនោះទេ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអង្គារ ខណៈខ្សែបម្រើ Aurélien Tchouaméni អាចត្រឡប់មកលេងវិញបាន។
អេស្ប៉ាញបានឡើងមកវគ្គនេះ ដោយពឹងផ្អែកលើការគ្រប់គ្រងបាល់ ការដាក់សម្ពាធខ្ពស់ និងការគ្រប់គ្រងចង្វាក់ប្រកួត។
ទោះបីបារាំងមានល្បឿនលឿនក្នុងការវាយបកក៏ដោយ លោក Deschamps បានបដិសេធថា ក្រុមរបស់លោកនឹងមិនគ្រាន់តែការពារ ហើយរង់ចាំវាយបកនោះទេ។
លោកបាននិយាយថា៖ «អេស្ប៉ាញអាចដាក់សម្ពាធបានខ្លាំង ប៉ុន្តែយើងក៏ជាក្រុមដែលត្រូវការគ្រប់គ្រងបាល់ដែរ។ នឹងមានការប្រជែងដ៏ស្វិតស្វាញដើម្បីគ្រប់គ្រងការប្រកួត»។
Zaire-Emery៖ បារាំងអាចលេងបានច្រើនរបៀប
ខ្សែបម្រើ Warren Zaïre-Emery បាននិយាយថា បារាំងមានគុណភាពគ្រប់គ្រាន់ក្នុងការលេងគ្រប់ទម្រង់។
«អេស្ប៉ាញមានគុណភាពខ្ពស់ក្នុងការគ្រប់គ្រងបាល់។ យើងអាចវាយបកលឿន កាន់កាប់បាល់ដោយខ្លួនឯង និងការពារបានល្អ។ របៀបលេងនឹងអាស្រ័យលើស្ថានភាពក្នុងការប្រកួត»។
កីឡាករ Tchouaméni អាចត្រឡប់មកវិញ
ការវិលត្រឡប់របស់ Tchouaméni គឺជាដំណឹងល្អសម្រាប់បារាំង។
រូបគេមិនបានលេងតាំងពីជ័យជម្នះ 3-0 លើស៊ុយអែត នៅវគ្គ 32 ក្រុម និងខកខានការប្រកួតជាមួយ ប៉ារ៉ាហ្គាយ និង ម៉ារ៉ុក ដោយសាររបួសសរសៃសាច់ដុំភ្លៅ។
លោក Deschamps បាននិយាយថា៖
«ការប្រកួតមុន ហានិភ័យខ្ពស់ពេក។ ពេលនេះគាត់ប្រសើរឡើងហើយ ទោះមិនទាន់ជាសះស្បើយ 100% ក៏ដោយ។ សំខាន់គឺគាត់អាចលេងបាន»។
Tchouaméni នឹងជួយការពារ
ខ្សែការពារ ប្រជែងនៅតំបន់កណ្ដាល និងជួយបារាំងទប់ទល់នឹងសម្ពាធរបស់អេស្ប៉ាញ។
ការរៀបចំខ្សែបម្រើ
Deschamps ក៏អាចរក្សាខ្សែបម្រើ Manu Koné និង Adrien Rabiot ដែលលេងបានល្អក្នុងជ័យជម្នះលើម៉ារ៉ុក។
Zaïre-Emery ក៏ជាជម្រើសមួយទៀត សម្រាប់តំបន់ដែលអាចសម្រេចលទ្ធផលនៃការប្រកួត។
កីឡាការ Koundé៖ បារាំងត្រូវតែកាន់បាល់
ខ្សែការពារ Jules Koundé បាននិយាយថា បារាំងត្រូវតែរក្សាការកាន់កាប់បាល់ខ្លះ ដើម្បីរំខានដល់របៀបលេងរបស់អេស្ប៉ាញ មិនអាចអនុញ្ញាតឱ្យពួកគេគ្រប់គ្រងការប្រកួតបានយូរនោះទេ។
មិនយកការប្រកួតចាស់មកប្រៀបធៀប
អេស្ប៉ាញធ្លាប់យកឈ្នះបារាំងក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Euro 2024 និង Nations League 2025។
ប៉ុន្តែ លោក Deschamps បាននិយាយថា៖ «មិនមានមេរៀនពិសេសពីការប្រកួតទាំងនោះទេ។ កីឡាករឥឡូវខុសពីមុន ហើយទម្រង់លេងក៏ខុសគ្នា។ អេស្ប៉ាញឈ្នះការប្រកួតទាំងពីរនោះ ប៉ុន្តែអ្វីដែលយើងផ្តោតគឺការប្រកួតថ្ងៃស្អែក»។
ការសម្របខ្លួនជាចំណុចសំខាន់
Deschamps បានបញ្ជាក់ថា ការសម្របខ្លួនគឺជាគន្លឹះដែលធ្វើឱ្យបារាំងរក្សាភាពជោគជ័យ និងកំពុងព្យាយាមឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី 3 ជាប់ៗគ្នា។
លោកបាននិយាយថា៖
«សម្រាប់គ្រូបង្វឹក ពាក្យសំខាន់បំផុតគឺ ‘ការសម្របខ្លួន’។ បាល់ទាត់មិនមែនជាវិទ្យាសាស្ត្រពិតប្រាកដទេ ប៉ុន្តែការរៀបចំ និងផែនការគឺមានសារៈសំខាន់ខ្លាំង រហូតដល់ព័ត៌មានលម្អិតតូចៗ»។
ខណៈខ្សែប្រយុទ្ធ Kylian Mbappé ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតនេះ កំពុងមានរបួសកជើងបន្តិច ការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនេះ អាចសម្រេចដោយការប្រជែងនៅតំបន់កណ្ដាលថា តើបារាំងអាចទប់ស្កាត់អេស្ប៉ាញមិនឱ្យគ្រប់គ្រងបាល់ និងបង្កើតឱកាសសម្រាប់ខ្សែប្រយុទ្ធរបស់ខ្លួនបានដែរឬទេ៕










