ខេត្តតាកែវ÷ មន្ត្រីនគរបាលកោះអណ្ដែតបានឲ្យដឹងថានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត បង្រ្កាបបទល្មើស ០២ ករណី។
នៅថ្ងៃចន្ទ ១រោចខែជេស្ឋ ឆ្នាំមមីឣដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣ និង ៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីព្រះរាជអាជ្ញារង លឹម ហ៊ន អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងជំនាញចុះល្បាតដល់ចំណុចទួលអំពិលស្ថិត ក្នុងឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បានជួបប្រទះមុខសញ្ញាសង្ស័យថាជួញដូរ និងប្រើប្រាស់សារធាតុញៀន រួចក៏ឃាត់ខ្លួនបានភ្លាមៗនៅកន្លែង។
ជនសង្ស័យឈ្មោះ រឿង វ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែតខេត្ត តាកែវ ក្នុងនោះកម្លាំងសមត្ថកិច្ចក៏បានឆែកឆេរនៅលើខ្លួនរកឃើញវត្ថុតាងរួមមាន
១-ម្សៅក្រាមពណ៌សថ្លាចំនួន ០៣ កញ្ចាប់តូច
២-ដែកកេះ ០៣ដើម
បន្ទាប់មកកម្លាំងជំនាញសួរនាំរកមុខសញ្ញា រហូតឈានដល់ការឃាត់ជនសង្ស័យ០១នាក់ទៀត ឈ្មោះ ញ៉ាញ់
ជំ នុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ជាមុខសញ្ញាចេញពីពន្ធធនាគា ប្រព្រឹត្តករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។
-ទី២ ករណីអំពើលួចគាស់ចេតីយតាមបណ្ដាវត្តក្នុងស្រុកកោះអណ្ដែត។ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង៥០នាទី នៅចំណុចវត្តប្រឹក្សា ស្ថិតក្នុងភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្ត តាកែវ មានករណីគាស់ចេតីយយកប្រាក់ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ក្រោយពីទទួលបានពាក្យបណ្ដឹង និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី លោក លឹម ហ៊ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ជា សុផាត អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ស្រុក និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជសារ ចុះស្រាវជ្រាវ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ អៀង ថា (ហៅផុស)ភេទប្រុសអាយុ៥៣ឆ្នាំ មានទីលំនៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ។
ករណីទាំង២ខាងលើនេះ កម្លាំងជំនាញបានយកជន សង្ស័យទាំង០៣នាក់ខាងលើរួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










