ភ្នំពេញ៖ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា យូសេដ(USAID) បានផ្តល់ជំនួយជាថវិកាចំនួន៧០ម៉ឺនដុល្លារអាមេរិកដល់កម្ពុជាក្នុងការអនុវត្តគម្រោង៣ឆ្នាំដើម្បីលើកកម្ពស់និងការពារសិទ្ធិក្នុងការងារដោយផ្តល់អំណាចដល់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយជម្លោះក្នុងការងារដោយយុត្តិធម៌និងសន្តិភាព ។
ពិធិសម្ពោធជាផ្លូវការនៃគម្រោងរបស់យូសេដបានធ្វើឡើង កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះក្រោមវត្តមានលោកស្រី រីបេកា ប្លេក(Rebecca Black)ប្រធានទីភ្នាក់ងារ USAIDនិងលោក អ៊ិន ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្នាក់ការមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
សេចក្តីប្រកាសព័ត៌មានរបស់យូសេដបានឲ្យដឹងថា គម្រោងដែលមានរយៈ៣ឆ្នាំត្រូវចំណាយទឹកប្រាក់អស់ចំនួន៧០០.០០០ដុល្លារអាមេរិក នឹងបង្កើនជំនួយក្នុងការដោះស្រាយ ជម្លោះក្នុងការងារហើយ នឹងសេវាសម្រាប់បុគ្គលិកកម្មករ នៅក្នុងវិស័យនានាដូចជាវិស័យកាត់ដេរសម្លៀកបំពាក់ សំណង់ និងឧស្សាហកម្មបដិសណ្ឋាកិច្ច ។
សេចក្តីប្រកាសព័ត៌មានបានបន្តថា គម្រោងនេះផ្តោតលើផ្នែកបីដែលមានការទាក់ទងគ្នាទៅវិញទៅមកគឺ ដំណោះស្រាយក្នុងជម្លោះការងារ ការបណ្តុះបណ្តាល និងសកម្មភាពដោយឡែកៗសម្រាប់ បុគ្គលិកកម្មករ និយោជកនិងមន្ត្រីរដ្ឋាភិបាលទាក់ទងនឹងដំណោះស្រាយជម្លោះ និងសិទ្ធិក្នុងការងារនិងភាពត្រឹមត្រូវនិងនិរន្តរភាពជាស្ថាប័នមួយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។តាមរយៈការពង្រឹងប្រព័ន្ធដែលអនុញ្ញាតឲ្យបុគ្គលិកកម្មករនិងនិយោជកធ្វើការតស៊ូមតិដើម្បីសិទ្ធិនិងលទ្ធភាពរបស់គេក្នុងការទទួលបានសេវាជាទីទុកចិត្ត ការតវ៉ា និងជម្លោះអាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាពល្អច្រើន។
លោកស្រី រីបេកា ប្លេក បានមានប្រសាសន៍ថា «ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាមានមោទនភាពក្នុងការគាំទ្រសិទ្ធិក្នុងការងារនៅកម្ពុជាពិសេសដោយសារថាចំនួនដ៏ច្រើននៃទំនិញនាំចេញរបស់ប្រទេសកម្ពុជាទាំងអស់ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក»។
លោកស្រីបានបញ្ជាក់ថា ប្រមាណជា 33ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមរិកហើយផលិតផលនាំចេញដែលចម្បងជាងគេគឺ សម្លៀកបំពាក់និងស្បែកជើង។នៅឆ្នាំ២០១៤ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានតម្លៃប្រមាណ២,៨៤ពាន់លានដុល្លារអាមេរិក។តែវាមិនគ្រាន់ តែល្បឿននៃការរីកចម្រើនទៅមុខផ្នែកសេដ្ឋកិច្ចតែមួយមុខទេដែលមានសារៈសំខាន់នោះ គុណភាពរបស់វាក៏មានសារៈសំខាន់ដែរ ។
លោកស្រី រីបេកា ប្លេក បានមានប្រសាសន៍ទៀតថា ជម្លោះរវាងបុគ្គលិកកម្មករនិងនិយោជកមិនមែនជារឿងប្លែកទេ។ នៅសហរដ្ឋអាមរិកយើងមានបញ្ហាក្នុងការងារអស់រយៈពេលរាប់ទស្សវត្សរ៍មកដែរ ហើយជាលទ្ធផលនៅពេលនេះយើងមានក្រុមអាជ្ញាកណ្តាលមួយចំនួនដើម្បីជួយដោះស្រាយជម្លោះជាជាងការធ្វើកូដកម្មនិងការដែលថៅកែបិទរោងចក្រហើយកម្មករមិនព្រមធ្វើការ។
លោកស្រីបានមានប្រសាសន៍បន្តថា «ការដោះស្រាយជម្លោះក្នុងការងារបានឆាប់មានសារៈសំខាន់ណាស់សម្រាប់បុគ្គលិកកម្មករ ហើយល្អសម្រាប់ក្រុមហ៊ុន។ វាជាទិដ្ឋភាពឈ្នះ ឈ្នះដែលយកធ្វើជាគំរូបាន»។
លោក អ៊ិន ខេមរា បានស្វាគមន៍និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិដែលបានផ្តល់នូវការគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបន្តបេសកម្មដ៏សំខាន់របស់ខ្លួនក្នុងការផ្តល់សេវាគាំទ្រផ្នែកបច្ចេកទេសនិងគ្រប់ គ្រងដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជារួមចំណែកក្នុងការពង្រឹងភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនិង ក្រុមប្រឹក្សាអាជ្ញាកណ្តាលបាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ បន្ថែមពីលើការដោះស្រាយវិវាទការងារួម ក៏មានរៀបចំឯកសារជំនួយ បើកវគ្គបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធក្នុងការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការងារផងដែរ៕
ដោយ៖ ស ដារ៉ា