ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ បេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិនទទួលបានជោគជ័យយ៉ាងធំធេង ទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច ។ ក្នុងនោ៖ក្របខ័ណ្ឌសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញ ចូលរួមក្នុងសន្និសីទនេះ និងថ្លែងសុន្ទរកថា ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគត កាន់តែត្រចះត្រចង់»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើ បរិវត្តកម្មយ៉ាងខ្លាំងក្លាទៅលើសេដ្ឋកិច្ច សេវាសាធារណៈ សន្តិសុខ និងភាពប្រកួតប្រជែងក្នុងល្បឿនមួយដែល មិនធ្លាប់មានពីមុនមក។ ក្នុងបរិការណ៍នេះ បញ្ហាប្រឈមនៅចំពោះមុខរបស់យើង លែងជាសំណួរថា តើ AI នឹង ផ្លាស់ប្តូរអនាគតឬទេ? ប៉ុន្តែជាសំណួរថា តើយើងត្រូវធ្វើយ៉ាងណាដើម្បីធានាថានឹងអាចទទួលបានអត្ថប្រយោជន៍ ពីបច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវ និងមានចីរភាពសម្រាប់ប្រទេសនីមួយៗ។ សម្តេចធិបតី បន្តថា កម្ពុជាបានកំណត់មាគ៌ាជាតិប្រកបដោយអភិក្រមយុទ្ធសាស្ត្រនោះគឺ «អព្យាក្រឹតភាពប្រកបដោយបរិយាបន្ននិង កំណើនជាក់ស្តែងសម្រាប់អធិបតេយ្យភាពឌីជីថល»។ អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង របស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់ យើងថាអនាគតនៃបច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពបើកចំហ និងបរិយាបន្ន ព្រមទាំងត្រូវ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក៖
ទី១. កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អព្យាក្រឹតភាពប្រកបដោយបរិយាបន្ត ទី២ កម្ពុជាផ្តល់ អាទិភាពទៅលើកំណើនជាក់ស្តែងអភិបាលកិច្ច AI មិនត្រូវស្ថិតនៅត្រឹមតែជាក្របខ័ណ្ឌទ្រឹស្តី ឬសេចក្តីថ្លែងការណ៍ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្វែរមកជាលទ្ធផលមើលឃើញជាក់ស្តែង និងទី៣. ដើម្បីកំណត់អាទិភាពជាតិសម្រាប់
អភិបាលកិច្ច AI ដោយកម្ពុជានឹងអនុម័តជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» នាពេលឆាប់ៗខាងមុខ ដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យមូលដ្ឋាន លើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបរិយាបន្ន។ សម្តេចធិបតី បន្តថា កម្ពុជាកំពុងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពី «សន្តិសុខសាយប័រ» និង សេចក្តីព្រាងច្បាប់ស្តីពី «កិច្ចការពារទិន្នន័យបុគ្គល» ដែលនឹងគាំទ្រដល់បរិវត្តកម្មឌីជីថលប្រកបដោយជវភាព ស្របពេលនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការប្រកួតប្រជែងដោយយុត្តិធម៌ និង ការកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល។
សម្រាប់ទិសដៅអនាគត កម្ពុជាបានគូសបញ្ជាក់ពីអាទិភាពជាក់ស្តែងចំនួន៣ ដើម្បីតម្រង់ទិសដៅនៃ សកម្មភាពរួមរបស់យើង៖ ទី១. យើងត្រូវត្បិតគម្លាតឌីជីថល ដោយធានាថាប្រទេសកំពុងអភិវឌ្ឍមានលទ្ធភាព យ៉ាងពេញលេញនិងសមធម៌ក្នុងការចាប់យកបច្ចេកវិទ្យា AI ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងឧបករណ៍ មូលដ្ឋាន ដើម្បីធានាថា គ្មានប្រទេសណាមួយត្រូវបានទុកចោលនៅក្នុងយុគសម័យ AI នេះឡើយ ទី២. យើងត្រូវ វិនិយោគយ៉ាងខ្លាំងក្លាលើមូលធនមនុស្សតាមរយៈការផ្តោតលើការអប់រំជំនាញឯកទេស ការលើកកម្ពស់អក្ខរកម្ម ឌីជីថល ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវឆ្លងដែន និងការអភិវឌ្ឍបុគ្គលមានទេពកោសល្យផ្នែក AI។ មូលធនមនុស្សនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់នវានុវត្តន៍ AI ប្រកបដោយការទទួលខុសត្រូវ និង បរិយាបន្ន និងទី៣. យើងត្រូវកសាងក្របខ័ណ្ឌអភិបាលកិច្ចប្រកបដោយសុភវិនិច្ឆ័យ បរិយាបន្ន ភាពបត់បែន និង ភាពទុកចិត្តបាន។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បន្ទាប់ពីបញ្ចប់ការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាម ការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ៕
ដោយ ៖ សិលា










