ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី បានលើកឡើងថា ៖ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីដំបូងលើកិច្ចព្រមព្រៀងស្តីពី “ការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក” កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ត កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន និងដៃគូអន្តរជាតិទាំងអស់ ដើម្បីរួមគ្នាជំរុញអនាគតនៃ AI ប្រកបដោយ នវានុវត្តន៍ បរិយាបន្ន សុវត្ថិភាព និងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យជាតិ។
សម្តេចធិបតី ថ្លែងថា ៖ ក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Li Qiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជួបពិភាក្សាការងារជាមួយ លោក Kassym-Jomart K. Tokayev ប្រធានាធិបតី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ! ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Xi Jinping ប្រធានាធិបតី និងជំនួប ទ្វេភាគីជាមួយ លោក Li Qiang នាយករដ្ឋមន្ត្រី៖ ក្នុងជំនួបដាច់ដោយឡែកពីគ្នានេះ ប្រមុខថ្នាក់ដឹកនាំចិនទាំងពីរ បានគូសបញ្ជាក់ថា ចិននិងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិតនិងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រមុខថ្នាក់ដឹកនាំចិនទាំងពីរ បានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានទំនាក់ទំនង ជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញ ទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ប្រមុខថ្នាក់ដឹកនាំចិនទាំងពីរ បានបញ្ជាក់បន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។ ប្រមុខថ្នាក់ដឹកនាំចិន ទាំងពីរ បន្តគាំទ្រនិងជំរុញការកសាងព្រែកជីកហ្វូណន-តេជោ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាស្ពាន ផ្លូវ និងគម្រោងផ្លូវដែកស្របតាមតម្រូវការជាក់ស្តែង រួមទាំងគាំទ្រកម្ពុជាក្នុងការបង្កើនការនាំចេញកសិផល កម្ពុជាទៅកាន់ទីផ្សារចិន។
ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេស ទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនា រួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី»។ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥត ងាករេនូវគោលការណ៍ចិនតែមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពី ការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និង អនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ សម្តេចធិបតី ប្តេជ្ញាថា កម្ពុជានឹងបន្តសហការជាមួយចិនក្នុងការបង្ក្រាបនិងបោសសំអាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹង ទំនុកចិត្ត ជាពិសេសរវាងប្រជាជននិងប្រជាជន។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន វិស័យនយោបាយ-ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ថាមពលបៃតង កសិកម្ម ការពារជាតិនិងសន្តិសុខ ព្រមទាំង ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ជាពិសេស ទេសចរណ៍ និងការរអប់រំ។ កម្ពុជា-ចិន ប្រកាសរួមគ្នាដំឡើង កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ (រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ) ទៅជាកិច្ច សន្ទនាយុទ្ធសាស្ត្រ ៣+៣ ដោយបន្ថែមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិខាងចិន។
ក្នុងឱកាសជំនួបពិភាក្សាទ្វេភាគីទាំងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង ស្វាគមន៍និងអាហារថ្ងៃត្រង់ ដែលរៀបចំដោយ ប្រមុខថ្នាក់ដឹកនាំ នៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ ៖ សិលា










