ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្ម ទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកពាក់ព័ន្ធ បានបើកការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗបានជាបន្តបន្ទាប់ ។
ករណីដែលបានបង្ក្រាបរួមមាន អំពើលួចមានស្ថានទម្ងន់ទោស (កាត់ខ្សែភ្លើង) ចំនួន២ករណី, អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយកាត់ខ្សែភ្លើង) ចំនួន១ករណី, ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ និងលក់) ចំនួន២ករណី និងអំពើលួចម៉ូតូ ចំនួន១ករណី ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ និងដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ូតូ អាវុធខ្លី ទូរស័ព្ទដៃ ខ្សែភ្លើង និងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាព ។ ក្នុងចំណោមវត្ថុតាងខាងលើ មានម៉ូតូមួយចំនួនត្រូវបានស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញដោយជោគជ័យ ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕
ដោយ៖ សុរិយា










