ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកបាទីបានឲ្យដឹងនៅរសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៦ នេះថាកម្លាំងសមត្ថកិច្ចបានល្បាតគ្រប់ប្រទះឃើញបុរសម្នាក់គួរឲ្យសង្ស័យហើយឃាត់ខ្លួនឆែកឃើញមានវត្ថុដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់មួយចំនួន។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣៥ នាទី កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកបាទី បានល្បាតក្នុងភូមិសាស្ត្រភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លុះដល់ចំណុចក្នុងបរិវេណវត្តអូរព័ទ្ធ ក៏ស្រាប់តែបានប្រទះ ឃើញជនសង្ស័យម្នាក់ឈ្មោះ ប៊ុន សុជាតិ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អវិជ្ជមានសារធាតុញៀន) មានសកម្មភាពមិនប្រក្រតីគួរឱ្យសង្ស័យ។
ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានហៅឃាត់សួរនាំនិងឆែក ឆេរសម្ភារៈរបស់ជនសង្ស័យ ដោយបានប្រទះឃើញវត្ថុតាងហាមឃាត់មួយចំនួន រួមមាន៖
១.ចំពាមកៅស៊ូ ចំនួន១ ដើម និងគ្រាប់ដែកប៉ាដាងកង់ ទំហំ ០៦ លី ចំនួន ៦០ គ្រាប់,២. កាំបិតចិតបន្លែ ផ្លែកដែក ដងជ័រពណ៌ខ្មៅ (មុតស្រួច) ប្រវែង ៣៣ ស.ម ចំនួន០១ ដើម,៣.បំពង់ដែកទីបមូល ប្រវែង ៤១ ស.ម ចំនួន ០១ ដើម និង៤. ទួណឺវីស ចំនួន ០៣ ដើម និងសម្ភារៈមួយចំនួនទៀត។
រំពេចនោះ ជនសង្ស័យក៏បានឡើងជិះម៉ូតូ បម្រុងព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានភ្លាមៗ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលនីតិវិធីពីលោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន សុជាតិ ភេទប្រុស អាយុ ៣៩ ឆ្នាំ និងដកហូតវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










