ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថវិកាចំនួន ២២លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ នាំយកទៅប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំពាក់ម៉ាស៊ីនចំរោះទឹកស្អាត។

ពិធីប្រគល់-ទទួលនេះ ត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ច និងជាប្រធានលេខាធិការដ្ឋាន តំណាងឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ។ ម៉ាស៊ីនចំរោះទឹកស្អាតនេះ មានកម្លាំងចំរោះ ៥០០លីត្រ ក្នុងមួយម៉ោង ដែលនឹងដោះស្រាយបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ បរិភោគ និងដាំស្ល ជូនបុគ្គលិក យុទ្ធរបួស-ជំងឺ គ្រួសារយោធិន ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ និងអង្គភាពទ័ពកំពុងប្រតិបត្តិការជុំវិញ។

លោកវរសេនីយឯក ងួន សុភី នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន បានសំដែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយជាថវិកាដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដែលបានផ្តល់ជូនដល់មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ នាពេលនេះ។ 

លោកវរសេនីយ៍ឯកបានចាត់ទុកថា ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃថ្លៃថ្លាណាស់សម្រាប់សុខភាពយោធិន គ្រួសារយោធិនក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីព្រោះកន្លងមកនេះ អង្គភាពមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន ប្រើប្រាស់ទឹកអណ្តូងមានជាតិកំបោរច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។ 

លោកវរសេនីយ៍ឯក​​​ ងួន សុភី បានឱ្យដឹងថា បច្ចុប្បន្ន អង្គភាពមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ មានបុគ្គលិកជាង ១០០នាក់ កំពុងបំពេញការងារទទួលពិនិត្យព្យាបាលជំងឺរបួសជូនដល់ទាំងយោធិន​ និងរួមទាំងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋទូទៅផងដែរ។ កន្លងមកអង្គភាពមន្ទីរពេទ្យតែងតែទទួលបានសំភារៈបរិក្ខាពេទ្យជាប្រចាំ ពីនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា។ 

លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ ក្នុងនាមឧត្តមសេនីយ៍ឯក លី កុសល បានផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់នាយឧត្តមសេនីយ៍ ទៀ សីហា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន។ 

...

ជាមួយការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបាននាពេលកន្លងមក, លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ ក៏បានជំរុញឱ្យមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ បន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច គោរពវិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈ ពិនិត្យព្យាបាល ជំងឺរបួសជូនយោធិន ក្រុមគ្រួសារយោធិន ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរឡើងថែមទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print