អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបាននិងកំពុងតាមដានជាមួយអាជ្ញាធរថៃជុំវិញការបាត់ខ្លួនពលករខ្មែរពេលចុះទូកនេសាទនៅសមុទ្រថៃ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំ

ប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃ

យ៉ាងជិតស្និទ្ធដើម្បីជួយសង្រ្គោះនិងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ។

 

លោក ស៊ុន មេសា បានថ្លែងថា ទូកនេសាទ១គ្រឿងនេះ បានចាកចេញទៅនេសាទនៅសមុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្ដែទូកនេះបានបាត់ការទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរនៅថ្ងៃទី១០ ខែកក្កដាដោយមកដល់ពេលនេះសពពលរដ្ឋខ្មែរ ២រូប និងថៃ ១រូបត្រូវបានរកឃើញ។

 

លោកបញ្ជាក់ថា៖«រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ បានរកឃើញជនរងគ្រោះចំនួន ៣នាក់ក្នុង ចំណោម ៥នាក់ ដែលបានរងគ្រោះក្នុងហេតុការណ៍លិចទូកនេសាទនោះ។ ជនរងគ្រោះដែលរកឃើញទាំង ៣ នាក់នោះ មានបងប្អូនខ្មែរ ២នាក់ និងថៃម្នាក់ ហើយសាកសពបងប្អូនខ្មែរ ១នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យ ហើយសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រួសារមកទទួល»។

 

អ្នកនាំពាក្យរូបនេះបន្ថែមថា៖«យើង កំពុងសហការ តាមដាន និងស្វែងរកខ្មែរពីរនាក់ទៀតដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត»។

 

ចំពោះករណីនេះ លោកស៊ុន មេសា អ្នកនាំពាក្យក្រសួង ការងារ បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់បងប្អូនយើងនៅក្រៅប្រទេស គឺជាការងារអាទិភាពដែលរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print