ខេត្តសៀមរាប ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ធនធានមនុស្សដែលមានសមត្ថភាព ហើយមានសុខភាពល្អ អាចធ្វើឱ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងបរិបទសាកលភាវូបនីយកម្ម។
នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អំឡុងពេលសម្ដេចអញ្ជើញបំពេញទស្សនកិច្ចនៅរុស្ស៊ី ជប៉ុន បារាំងឬប្រទេសផ្សេងទៀតគឺបានពិភាក្សាគ្នាអំពីទំនាក់ទំនងពង្រឹងក្នុងការវិនិយោគទៅវិញទៅមក ជាពិសេសធ្វើយ៉ាងម៉េចដើម្បីឱ្យយើងមានភាពទាក់ទាញក្នុងនោះគឺធនធានមនុស្សជាកត្តាសំខាន់។
ទន្ទឹមនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកដែរថា ដំណើរចូលរួមបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិនកន្លងទៅ គឺដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពីយន្តការផ្សេងៗទៀតដើម្បីទាញចូលមកពង្រឹងខ្លួនយើង ខណៈ AI គឺជាបច្ចុប្បន្ន និងអនាគត បើយើងមិនទទួលស្គាល់ មិនត្រៀមលក្ខណៈ និងមិនចាប់ឱកាសពីឥឡូវយើងនឹងដើរថយក្រោយគេហើយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ៖ ភាពជោគជ័យត្រូវការពេលវេលាយូរអង្វែង និងភាពអំណត់អត់ធ្មត់, ត្រូវការប្រឈម និងការច្នៃប្រឌិត ភារកិច្ចមួយនឹងជួនកាលទៅធ្វើតាមផ្លូវនឹងទៅអត់អាចទៅរួចទេ ខិតខំអស់លទ្ធភាពយ៉ាងណាក៏ទៅមិនរួចដែរ តែខ្ញុំមិនបោះបង់ យើងមិនបោះបង់ យើងច្នៃវិធីដើម្បីធ្វើ។ ពេលខ្លះដើរត្រង់វាជិត ប៉ុន្ដែវាទៅមិនរួច វាត្រូវការពីរជំហាន។ តាំងពីយើងធ្វើការផ្ទាល់ខ្លួន រហូតទៅដល់ចរចាសន្តិភាព ចរចាបទឈប់បាញ់ រឿងនេះពេលខ្លះដ៏ដូចតែគ្នាដែរ ជួនកាលវាទៅត្រង់ផ្លូវនឹងវាមិនផ្ដល់ផលប្រយោជន៍ឱ្យយើងសុខចិត្តឆ្ងាយបន្ដិច តែយើងមិនបោះបង់នូវអ្វីដែលយើងចង់បាននោះទេ៕
ដោយ ៖ សិលា










