ខេត្តសៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» ជាធនធានចម្បង និងចាំបាច់បំផុតដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនទៅមុខ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារសុខាសៀមរាប។
នាឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងកែច្នៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារ និងយុវជនដែលជាទំពាំងស្នងឫស្សី ឱ្យក្លាយជាធនធានមនុស្សពេញលេញ មានចំណេះដឹងជ្រៅជ្រះ ជំនាញច្បាស់លាស់ ប្រកបដោយសីលធម៌ វិន័យ និងមានសុខភាពផ្លូវកាយ-ផ្លូវចិត្តរឹងមាំ ដើម្បីឆ្លើយតបបានយ៉ាងស័ក្តិសមទៅនឹងតម្រូវការទីផ្សារការងារ និងការងារកសាងការពារជាតិមាតុភូមិ។
ទន្ទឹមនឹងនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្ដិសិទ្ធិ និងសមធម៌ខ្ពស់បំផុត ហើយការងារកែទម្រង់នេះ នឹងត្រូវអនុវត្តតាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ដស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពីសក្ដានុពល និងផលលាភផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន យកមកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែជឿនលឿន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តថា ៖ ការទទួលសញ្ញាបត្របានឆ្លុះបញ្ចាំងមេរៀនមួយចំនួន ទី១គឺជោគជ័យធំកើតចេញពីជោគជ័យតូចៗច្រើនផ្គុំគ្នា ដែលវាជាមេរៀនរបស់បងប្អូនក្នុងការសិក្សា និងការងារ, សូម្បីតែខ្ញុំជានាយករដ្ឋមន្រ្ដី ភាពជោគជ័យរបស់រាជរដ្ឋាភិបាល គឺវាអាស្រ័យទៅលើសេវាមួយៗតូចៗវាជោគជ័យ វិស័យមួយៗតូចៗជោគជ័យ។ បើយើងនិយាយថា រាជរដ្ឋាភិបាលជោគជ័យ តើយើងនិយាយអ្វី? វិស័យសេដ្ឋកិច្ច តើក្នុងវិស័យសេដ្ឋកិច្ច បានជោគជ័យអ្វីខ្លះ? វិស័យទេសចរណ៍ជោគជ័យអ្វីខ្លះ? អ្វីខ្លះដែលមិនទាន់ជោគជ័យ? គឺត្រូវរកវិធី ដើម្បីដោះស្រាយបញ្ហា ហើយក្នុងវិស័យមួយៗ គឺមានរឿងតូចៗជាច្រើនទៀត។ ដូច្នេះយើងត្រូវគិតឱ្យទូលំទូលាយ ប៉ុន្ដែត្រូវអនុវត្តផ្ដោតពីការងារតូចៗទៅមុន ៕
ដោយ ៖ សិលា










