កីឡាករ Morgan Rogers បានផ្ទេរពី Aston Villa ទៅកាន់ Chelsea ក្នុងតម្លៃ 117 លានផោន(157 លានដុល្លារ) និងបានចុះកិច្ចសន្យារយៈពេល 7 ឆ្នាំ ក្លាយជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Chelsea។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចកាលពីថ្ងៃសៅរ៍ ខណៈ Chelsea បានយកឈ្នះ Arsenal ក្នុងការប្រជែងយកខ្សែប្រយុទ្ធវ័យ 23 ឆ្នាំ រូបនេះ។ Arsenal បានចរចាជាមួយ Rogers អស់មួយរយៈ ហើយត្រូវបានគេចាត់ទុកថាជាក្រុមដែលមានឱកាសខ្ពស់ជាងគេក្នុងការចុះហត្ថលេខាលើរូបគេ។
គេយល់ថា ឱកាសបានធ្វើការជាមួយអ្នកចាត់ការថ្មី Xabi Alonso គឺជាកត្តាសំខាន់ដែលធ្វើឱ្យ Rogers សម្រេចចិត្តជ្រើសរើស Chelsea បន្ទាប់ពីទើបតែជួយក្រុមជម្រើសជាតិអង់គ្លេសឈ្នះចំណាត់ថ្នាក់លេខ 3 ក្នុង World Cup 2026។
Rogers បានចូលលេងក្នុងការបរាជ័យ 2-1 ក្រោមថ្វីជើងអាហ្សង់ទីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានជួយអង់គ្លេសយកឈ្នះបារាំង 6-4 ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ 3។
Rogers បានប្រាប់គេហទំព័រផ្លូវការរបស់ Chelsea ថា៖ «ខ្ញុំពិតជារំភើបខ្លាំងណាស់។ សម្រាប់ខ្ញុំ Chelsea គឺជាក្លិបធំបំផុតនៅទីក្រុងឡុងដ៍ ហើយជាក្លិបដែលខ្ញុំតែងតែកោតសរសើរតាំងពីក្មេង។ ខ្ញុំរំភើបចំពោះគម្រោងរបស់ក្លិប ជាមួយអ្នកចាត់ការថ្មី កីឡាករដែលយើងមាន និងទិសដៅដែលក្លិបកំពុងឆ្ពោះទៅ។ នោះហើយជាមូលហេតុដែលខ្ញុំមកទីនេះ ហើយខ្ញុំមិនអាចរង់ចាំចាប់ផ្តើមបានទេ»។
Rogers ជាខ្សែប្រយុទ្ធដែលអាចលេងបានច្រើនតួនាទី និងសមស្របទៅនឹងតម្រូវការរបស់ Chelsea ក្នុងការពង្រឹងតំបន់ប្រយុទ្ធ។
គាត់បានរីកចម្រើនយ៉ាងឆាប់រហ័សនៅ Aston Villa បន្ទាប់ពីផ្ទេរមកពី Middlesbrough កាលពីខែមករា ឆ្នាំ 2024 ហើយបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 ព្រមទាំងឈានទៅលេងពាន Europa League កាលពីរដូវកាលមុន។
ក្នុងអំឡុងពេលលេងក្រោមការដឹកនាំរបស់លោក Unai Emery កីឡាករ Rogers ស៊ុតបញ្ចូលទីបាន 31 គ្រាប់ ក្នុងការបង្ហាញខ្លួន 125 ប្រកួត។
ការផ្ទេរនេះត្រូវបានចាត់ទុកថាជាការចំណាយដ៏ធំបំផុតមួយក្នុងរយៈពេល 4 ឆ្នាំនៃការគ្រប់គ្រងរបស់ម្ចាស់ក្លិប BlueCo។
ម្ចាស់រួម Behdad Eghbali ធ្លាប់បាននិយាយថា Chelsea បានរៀនពីការបរាជ័យកាលពីរដូវកាលមុន ដែលក្រុមបញ្ចប់ត្រឹមលេខ 10 ក្នុង Premier League និងត្រូវ Paris Saint-Germain ទម្លាក់យ៉ាងចាស់ដៃនៅវគ្គ 16 ក្រុមចុងក្រោយនៃ UEFA Champions League។ ដូច្នេះ ក្លិបមានគោលដៅនាំចូលកីឡាករដែលអាចជួយប្រជែងពានរង្វាន់បានភ្លាមៗ។
Xabi Alonso ដែលធ្លាប់ឈ្នះពាន UEFA Champions League ពីរលើកក្នុងនាមជាកីឡាករ (ជាមួយ Liverpool និង Real Madrid) ក៏ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី ដើម្បីទាក់ទាញកីឡាករកម្រិតកំពូលមកកាន់ Chelsea ផងដែរ។
ការផ្ទេរ Rogers ត្រូវបានគេចាត់ទុកថាជាការទិញដ៏ធំបំផុតរបស់ Chelsea ចាប់តាំងពី Cole Palmer ផ្ទេរមកពី Manchester City ក្នុងឆ្នាំ 2023។
Rogers ក្លាយជាកីឡាករថ្មីទី 4 ដែល Chelsea នាំចូលនៅរដូវក្តៅនេះ បន្ទាប់ពី៖
Marco Palestra (ខ្សែការពារ)
Emmanuel Emegha (ខ្សែប្រយុទ្ធ)
Geovany Quenda (ខ្សែបម្រើស្លាប)
កាលពីខែមិថុនា Chelsea ក៏បានព្យាយាមនាំយក Granit Xhaka ពី Sunderland ដើម្បីឱ្យរួមការងារជាមួយ Alonso ម្តងទៀត ប៉ុន្តែមិនបានសម្រេច ដោយសារក្លិបមិនព្រមបំពេញតម្លៃដែល Sunderland ទាមទារសម្រាប់កីឡាករវ័យជិត 34 ឆ្នាំ រូបនោះ៕










