នៅឆមាសទី១ ឆ្នាំ២០២៦នេះ! ទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប សម្រេចបាន ៣ ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ បានបង្ហាញថា​ ទំហំពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប ​សម្រេច​បាន​ប្រមាណ ៣ ពាន់លានដុល្លារ នៅក្នុងឆមាសទី១ ​ឆ្នាំ ២០២៦ កើនឡើង ៨% ​ធៀប​នឹង​រយៈពេលដូចគ្នានៅឆ្នាំ​ ២០២៥​។​

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ​ពោលគឺ​គិតចាប់ពីខែមករា ​ដល់ខែមិថុនា ​២០២៦​ ការដោះដូរទំនិញ​រវាង​កម្ពុជា ​និង​សហភាពអឺរ៉ុប ​មានទំហំ ៣ ពាន់លានដុល្លារ កើនឡើង ៨% ក្នុងនោះ កម្ពុជា​នាំចេញ​ទៅ​សហភាព​អឺរ៉ុប ​សម្រេចបានប្រមាណ ២,៦ ពាន់លានដុល្លារ កើនឡើង ៨% ចំណែក​ឯ ​សហភាព​អឺរ៉ុប​នាំ​ចូល​មកវិញ​មានតម្លៃ ៤០៧ លានដុល្លារ កើនឡើង ៨,៥៧%។​​
ទីផ្សារនាំចេញសំខាន់ៗ​របស់​កម្ពុជា ​នៅក្នុងសហភាពអឺរ៉ុបគឺ ​ប្រទេស​បែលហ្ស៊ិក ​បារាំង ​អាល្លឺម៉ង់ ហូឡង់ និងប្រទេសអេស្ប៉ាញ ​ហើយទំនិញសំខាន់ៗរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរ។

បើតាមរដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងថា​ ទំហំ​ពាណិជ្ជ​កម្មកម្ពុជាមានកំណើន ​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​នៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានារនូវការផ្គត់ផ្គង់​ បង្កើតសក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និងរក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​ និង​ទីផ្សាររបស់ខ្លួន។​ ​

វិស័យកម្មន្តសាល ​នឹង​នៅតែជាក្បាល​​​ម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច ​សម្រាប់ឆ្នាំ២០២៦ ខណៈ​ដែលទិន្នផល​ឧស្សា​ហកម្មត្រូវបានរំពឹងថា​នឹងកើនឡើង ​៧,៣%​ ដោយសារការ​បញ្ជាទិញ​សម្លៀកបំពាក់ច្រើនគួរ​សម ​និង​កំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភណ្ឌ ដែលរួម​មានគ្រឿង​បង្គុំអគ្គិសនី ​សំបកកង់ និង​គ្រឿងសង្ហារឹម។

...

​បន្ថែមពីនេះ​ ក្រសួងពាណិជ្ជកម្ម ​បានគូសបញ្ជាក់ថា​ នៅក្នុងឆ្នាំ២០២៥ ​ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ៥,៨៧ ពាន់លានដុល្លារ កើន ១០,២០% ធៀបនឹងឆ្នាំ ២០២៤ ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​សហភាពអឺរ៉ុប ​សម្រេចបាន ៥ ពាន់លានដុល្លារ កើនឡើង ១៣,៥៥% ចំណែកឯ ​សហភាពអឺរ៉ុបនាំ​ចូល​មកវិញមានតម្លៃ ៨៦៣ លានដុល្លារ ធ្លាក់ចុះ ៥,៨៨%៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print