ខេត្តពោធិ៍សាត់៖ អ្នកបើកបររថយន្តទីកូម្នាក់បានស្លាប់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន ខណៈបើកបររំលោភចូលទៅបុករថយន្តលិចសុីស ពាក់លេខព្រឹទ្ធសភាពេញទំហឹងនៅពេលកំពុងធ្វើដំណើរបញ្ច្រាស់គ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡីម៉ែត្រលេខ ១៦៨-១៦៩ ស្ថិតក្នុងភូមិកណ្ដុស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកទីកូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2C-3974 បើកបរដោយឈ្មោះ ម៉ាត់ តុលលាស់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្នរស់នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់(ស្លាប់)ធ្វើដំណើរក្នុងទិសដបនៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបើករំលោភចូលទៅបុករថយន្ត១គ្រឿងទៀត ម៉ាកឡិចសុីសខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់និងរបួសតែម្តង។
ប្រភពបន្តរថយន្តម៉ាកឡិចសុីស 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រឹទ្ធសភា 3 2 046 បើកបរដោយឈ្មោះ យឹម ឃុនឃឿន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ជាសមាជិកព្រឹទ្ធសភា(គណៈកម្មការទី៧ព្រឹទ្ធសភា)និងអ្នករួមដំណើរចំនួន០៣នាក់ទៀតទី១ឈ្មោះ ជា សុីណា ភេទប្រុស អាយុ ៣៤ឆ្នាំ ទី២ឈ្មោះ ហុង នឿន ភេទប្រុស អាយុ ៣២ឆ្នាំ និងទី៣ឈ្មោះ កែវ ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំង០៤នាក់រស់នៅរាធានីភ្នំពេញ(របួសស្រាលៗ)។
ប្រភពដដែលបន្តទៀតថា ចំពោះអ្នកបើកបរមន្រ្តីព្រឹទ្ធ សមត្ថកិច្ចឲ្យគាត់សម្រាកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ចំណែកសាកសពក្រុមគ្រួសារសពមកទទួលយកទៅចាត់ចែងតាមប្រពៃណី ដោយវត្ថុតាងរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលនគរបាលស្រុកក្រគរ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖ បឹុម ពិន