ប្រទេសបារាំង៖ រដ្ឋសភាបារាំងបានអនុម័តច្បាប់ថ្មី ដោយហាមឃាត់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យបង្កើត ឬប្រើប្រាស់គណនីបណ្ដាញសង្គម (Social Media) ដោយធ្វើឱ្យបារាំងក្លាយជាប្រទេសដំបូងគេនៅទ្វីបអឺរ៉ុបដែលអនុវត្តវិធានការដ៏តឹងរ៉ឹងនេះ។
ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ កុមារក្រោមអាយុ ១៥ឆ្នាំ នឹងមិនអាចបង្កើតគណនីបណ្ដាញសង្គមបានទៀតឡើយ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់នឹងមានរយៈពេល ៤ ខែ ដើម្បីបិទគណនីដែលមានស្រាប់របស់កុមារក្រោមអាយុកំណត់ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់អាយុដែលមានប្រសិទ្ធភាពជាងមុន។
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ថា វិធានការនេះមានគោលបំណងការពារកុមារ និងយុវជនពីហានិភ័យដែលកំពុងកើនឡើងនៅលើបណ្ដាញសង្គម ដូចជា ការបៀតបៀនតាមអនឡាញ ការញៀនប្រើប្រាស់បណ្ដាញសង្គម និងមាតិកាមិនសមរម្យ។
ច្បាប់ថ្មីនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ខណៈដែលប្រទេសជាច្រើនកំពុងពិចារណាចាត់វិធានការស្រដៀងគ្នា ដើម្បីពង្រឹងសុវត្ថិភាពរបស់កុមារនៅក្នុងពិភពឌីជីថល៕ដោយ៖តារា
រូបភាព៖ Firstpost











