អាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២៥នាក់ប្រព្រឹត្ដបទល្មើសOnlineScams បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី

ចែករំលែក៖

ភ្នំពេញ៖ គណ:បញ្ជាការ ឯកភាពរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះមួយកន្លែង នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានរកឃើញពាក់ព័ន្ធលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ (Invest ment Scams) ដោយបានឃាត់ខ្លួនជនសង្ស័យ២៥នាក់ព្រមទាំងដកហូតបានវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២០នាទី គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជា និង ដឹកនាំផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោក ហ៊ុន សុរិទ្ធី និងលោក សុខ ពេញវុធអភិបាលរង ដោយមានកិច្ចសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផ្ទះលេខ០០៦ ផ្លូវលេខ ៥៦៨ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យរកឃើញមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៥នាក់ ស្រី០៤នាក់មាន០២ សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន២១នាក់ (គ្មានលិខិតឆ្លង ដែន ១៧នាក់ ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយចំនួន២ នាក់) និងជនជាតិ មីយ៉ាន់ម៉ា៤នាក់ ព្រមទាំងបានរឹបអូសសម្ភារជាវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួន រួម មាន៖ កុំព្យូទ័រយួរដៃចំនួន១៣គ្រឿងកុំព្យូទ័រ All In One ចំនួន ១៦គ្រឿង ទូរស័ព្ទចំនួន០៧គ្រឿង ដុំ Wi-Fi ចំនួន ០៥គ្រឿងម៉ូនីទ័រចំនួន០១គ្រឿង លិខិតឆ្លងដែនចំនួន០៦ច្បាប់ និងលិខិតឆ្លងដែនក្លែងក្លាយចំនួន០៣ច្បាប់។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ យោងតាមការធ្ចើកោសល្យវិច្ឆ័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេ កវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសម្ភារជាកំព្យូទ័រ និងទូរស័ព្ទ ក្រុមការងារបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពវិនិយោគ (Investment Scams)។

ដោយទទួលបានគោលការណ៏ណែនាំពី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ និងបានការឯកភាពពី លោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតីវិធីជំនាញ ចំណែកឯផ្ទះវីឡាខាងលើត្រូវបានបិទឃ្លុំជាបណ្ដោះ អាសន្ន៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print