ខេត្តតាកែវ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្ត១ គ្រឿងបានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ ផ្អើលយ៉ាងខ្លាំង នាវេលាម៉ោងប្រមាណ ៥:២៥ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំណុចគល់ស្ពាន ខាងត្បូងស្តុបផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
តាមព័ត៌មានបឋម រថយន្តដែលជួបគ្រោះថ្នាក់ពាក់ស្លាកលេខ ភ្នំពេញ 2BC-1028។ រថយន្តបានបាត់បង់ការគ្រប់គ្រង មុនរេចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតសម្ភារៈជាច្រើន និងរថយន្តបានទៅផ្ទប់នឹងបង្កាន់ដៃស្ពាន។
ហេតុការណ៍នេះបានបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈព័ត៌មានលម្អិតអំពីអត្តសញ្ញាណជនរងគ្រោះ និងអ្នកបើកបរ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ជាផ្លូវការនៅឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងចុះពិនិត្យទីតាំងកើតហេតុ ប្រមូលភស្តុតាង និងស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕
ដោយ៖ សុរិយា










