កំពូលតារាSingapore និយាយអ្វីខ្លះអំពីសម្លៀកបំពាក់ដែលច្នៃពីហូលផាមួងខ្មែរ?

ចែករំលែក៖

ភ្នំពេញ៖  កំពូលតារាសម្តែងSingapore៤រូប អ្នកនាង ហ្សូ អ៊ីថេ(Zoe Tay),លោក រ៉ូ មីអូតាន់(Romeo Tan),លោក អែលវីន អ៊ឹង(Elvin NG)និងកញ្ញា ផេច ឆ័រ(Paige Chua) បានបញ្ចប់បេសកម្មក្នុងការច្រៀងរាំ និងផ្សព្វផ្សាយខ្សែភាពយន្តភាគដែលពួកគេសម្តែងប្រកបដោយជោគជ័យនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប។ អ្វីដែលតារាសម្តែងទាំងបួនរូបចាប់អារម្មណ៍ខ្លាំងនិងបង្ហាញពីក្តីរំភើបគឺពួកគេបានស្លៀកសម្លៀកបំពាក់ដែលច្នៃដោយអ្នកច្នៃម៉ូដនៅកម្ពុជាដែលកាត់ដោយហូលនិងផាមួងដែលត្បាញដោយដៃកូនខ្មែរ។

អ្នកនាង ហ្សូ អ៊ីថេ(Zoe Tay)ដែលប្រជាជនខ្មែរហៅនាងថាបូបូ បានបញ្ជាក់ពីអារម្មណ៍រំភើបរីករាយដែលបានធ្វើដំណើរមកកាន់កម្ពុជាជាថ្មីជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី និងអ្នកគាំទ្រនាង។ នាងថា វាគឺជាលើកដំបូងដែលនាងបានគ្រងសម្លៀកបំពាក់ដែលច្នៃដោយកូនខ្មែរ ពិសេសច្នៃពីហូលនិងផាមួងដ៏ស្រស់ស្អាត។ នាងបញ្ជាក់ដែរថា ដើមឡើយអ្នកផលិតកម្មវិធីគ្រាន់តែសុំទំហំចង្កះ  ត្រកៀក ដើមទ្រូងកម្ពស់ គឺអាចធ្វើឲ្យជាងនៅកម្ពុជាច្នៃចេញជារ៉ូបដ៏ស្រស់ស្អាតនេះឡើង ហើយនាងពេញចិត្តនិងសម្លៀកបំពាក់ដ៏ស្រស់ស្អាត។ តារាស្រីរូបនេះដឹងដែរថា សម្លៀកបំពាក់ដែលនាងបានស្លៀកនេះគឺត្រូវបានសុភាពនារីខ្មែរនិយមស្លៀកទៅចូលរួមក្នុងពិធីមង្គលការ ជប់លៀងផ្សេងៗ។

ចំណែកតារាសម្តែងប្រុសលោក រ៉ូ មីអូតាន់(Romeo Tan) និងលោក អែលវីន អ៊ឹង(Elvin NG)បានថ្លែងស្រដៀងគ្នាថា លោកពិតជារំភើប រីករាយក្នុងការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរដែលច្នៃពីក្រណាស់ហូលផាមួងខ្មែរ។ ពេលគ្រងសម្លៀកបំពាក់នេះលោកយល់ថា លោកដូចជាទេវបុត្រម្នាក់នៅក្នុងខ្សែភាពយន្តដូចច្នេះដែរ។ លោកពិតជាពេញចិត្ត និងកោតសរសើរចំពោះគំនិតច្នៃប្រឌិតនៃកាស្លៀកពាក់នេះ។

តារាសម្តែងស្រី ផេច ឆ័រ(Paige Chua)វិញបានបញ្ជាក់ដែរថា នាងពិតជាពេញចិត្តនិងភ្ញាក់ផ្អើលក្រោយពីបានស្លៀកសម្លៀកបំពាក់ដែលស្ត្រីខ្មែរនិយមស្លៀកចូលរួមក្នុងពិធីផ្លូវការផ្សេងៗ។ នាងបញ្ជាក់ថា អ្វីដែលនាងចាប់អារម្មណ៍គឺនាងមានអារម្មណ៍ថានាងដូចជាសុភាពនារីនៅកម្ពុជាដែរ ប៉ុន្តែនាងត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ននិងសុភាពរាបសាដូចនារីខ្មែរដូចច្នេះដែរ។

គួរបញ្ជាក់ដែរថា តារាសម្តែងប្រុសស្រីល្បីឈ្មោះរបស់ប្រទេសSingaporeចំនួន៤រូបបានបង្ហាញវត្តមាននៅកម្ពុជាកាលពីចុងសប្តាហ៍មុននេះនៅកម្ពុជាដើម្បីជួបជាមួយអ្នកគាំទ្រ និងចូលរួមផ្សព្វផ្សាយខ្សែភាពយន្តដែលពួកគេសម្តែងគឺខ្សែភាពយន្តភាគដ៏ល្បី រឿង”ឆាកជីវិតដូចព្រេងនិទានវគ្គ២” និងរឿង “ពេលវេលាប្រល័យវាសនា” ។ ក្រៅពីការធ្វើសន្និសីទសារព័ត៌មានពួកគេក៏មានឱកាសទទួលជួបសម្តែងការគួរសម និងទទួលទានអាហារជាមួយឥស្សរជនឆ្នើមនៅកម្ពុជាផងដែរ មុនពេលដែលពួកគេ ចូលរួមក្នុងកម្មវិធី “ជួបជុំតារាSingapore”នៅមហោស្រពរ៉ូហ្សាណា ខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។ កម្មវិធីដ៏រំភើបប្លែកនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន  ភីភីស៊ីធីវី(PPCTV) គឺដើម្បីផ្តល់ឱកាសឲ្យសិល្បករមកពីSingaporeបានជួបជាមួយអ្នកគាំទ្រនៅកម្ពុជាដោយផ្ទាល់ ពិសេសគឺមុនពេលដែលខ្សែភាពយន្តភាគដ៏ល្បីល្បាញខាងលើត្រូវចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍ខ្សែកាបនៅពេលដ៏ខ្លីខាងមុខនេះ៕

vuth-1 vuth-3 vuth-4 vuth-2 vuth-9 vuth-8 vuth-7 vuth-5 vuth-10 vuth-11 vuth-12 vuth-13 vuth-14

ដោយ៖ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print