សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) បានបញ្ជាក់ថា ខ្លួនបានពិភាក្សាជាមួយ Pep Guardiola អតីតអ្នកចាត់ការក្រុម Manchester City និង Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល អំពីការមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី ដែលកំពុងជួបវិបត្តិ។
FIGC សង្ឃឹមថានឹងប្រកាសឈ្មោះគ្រូបង្វឹកថ្មីក្នុងសប្ដាហ៍នេះ ខណៈក្រុម Azzurri កំពុងរងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបរាជ័យក្នុងការឡើងទៅលេង FIFA World Cup ជាលើកទី 3 ជាប់ៗគ្នា។
អតីតខ្សែការពារដ៏ល្បី Paolo Maldini ដែលទើបត្រូវបានតែងតាំងជានាយកបច្ចេកទេសថ្មីរបស់ FIGC នៅដើមខែនេះ បានចូលរួមកិច្ចប្រជុំជាមួយក្លិប Serie A រួមជាមួយប្រធាន FIGC ថ្មី Giovanni Malagò និងទីប្រឹក្សាពិសេស Leonardo។
នៅពេលត្រូវបានសួរអំពី Guardiola លោក Maldini បាននិយាយថា៖
«និយាយដោយស្មោះត្រង់ យើងមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ។ អ្នកបានស្គាល់ថាគាត់គឺជាគោលដៅមួយរបស់យើង។ យើងក៏មិនអាចលាក់បានដែរថា យើងបានពិភាក្សាជាមួយ Carlo Ancelotti មុនពេលនិយាយជាមួយ Pep Guardiola។ យើងគិតថា វាជារឿងត្រឹមត្រូវដែលចាប់ផ្តើមជាមួយគ្រូបង្វឹកល្អបំផុតនៅលើពិភពលោក ដើម្បីដឹងថាពួកគេមានឆន្ទៈទទួលការងារឬអត់»។
Guardiola បានចាកចេញពី Manchester City នៅចុងរដូវកាលមុន បន្ទាប់ពីដឹកនាំក្រុមអស់រយៈពេល 10 ឆ្នាំ ដោយឈ្នះពានរង្វាន់ជាច្រើន និងធ្វើឱ្យ City ក្លាយជាក្រុមកំពូលមួយនៅអឺរ៉ុប។ គាត់ក៏ធ្លាប់ឈ្នះពានធំៗជាមួយ Barcelona និង Bayern Munich ផងដែរ។
Maldini និង Leonardo បានធ្វើដំណើរទៅកាន់ទីក្រុង Barcelona រយៈពេល 3 ថ្ងៃ ដើម្បីជួប Guardiola និងពិភាក្សាអំពីការដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី។
Maldini បន្ថែមថា៖ «អ្វីដែលល្អបំផុត គឺអាចប្រកាសគ្រូថ្មីក្នុងសប្ដាហ៍នេះ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេ គឺការរង់ចាំមនុស្សដែលយើងពិតជាចង់បាន។ យើងមានភាពបន្ទាន់ ប៉ុន្តែមិនដល់ថ្នាក់ត្រូវប្រញាប់ប្រញាល់ពេកទេ»។
ចំណែកលោក Carlo Ancelotti ទើបតែបន្តកុងត្រាជាមួយក្រុមជម្រើសជាតិប្រេស៊ីល រហូតដល់ World Cup ឆ្នាំ 2030 កាលពីខែឧសភា។ ទោះជាយ៉ាងណា ប្រេស៊ីលបានធ្លាក់ចេញពី World Cup ឆ្នាំនេះ នៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ ន័រវែស 2-1។
Ancelotti វ័យ 67 ឆ្នាំ បានឈ្នះជើងឯកលីគនៅអ៊ីតាលី អង់គ្លេស បារាំង អេស្ប៉ាញ និងអាល្លឺម៉ង់ ហើយក៏ជាគ្រូបង្វឹកតែម្នាក់គត់ដែលឈ្នះ UEFA Champions League 5 ដង។
ក្រុមជម្រើសជាតិអ៊ីតាលី ដែលជាម្ចាស់ជើងឯកពិភពលោក 4 សម័យ បានបរាជ័យក្នុងការឡើងទៅ World Cup ជាលើកទី 3 ជាប់ៗគ្នា បន្ទាប់ពីចាញ់ បូស្ន៊ី និងហឺហ្សេហ្គូវីណា ក្នុងវគ្គ Play-off កាលពីខែមីនា។
បរាជ័យនេះបាននាំឱ្យ Gabriele Gravina ប្រធាន FIGC និងគ្រូបង្វឹក Gennaro Gattuso លាលែងពីតំណែង។ Gattuso ទើបតែចូលកាន់តំណែងជំនួស Luciano Spalletti កាលពីខែមិថុនាឆ្នាំមុន ខណៈក្រុមកំពុងធ្លាក់ទម្រង់រួចទៅហើយ។
បច្ចុប្បន្ន អតីតគ្រូបង្វឹកអ៊ីតាលី Roberto Mancini (ដែលធ្លាប់ដឹកនាំអ៊ីតាលីឈ្នះ Euro 2020/2021) និង Antonio Conte ក៏ស្ថិតក្នុងចំណោមបេក្ខភាពសំខាន់ៗសម្រាប់តំណែងនេះផងដែរ។ អតីតខ្សែបម្រើជើងឯក World Cup ឆ្នាំ 2006 Andrea Pirlo ក៏ត្រូវបានគេរាយការណ៍ថាជាបេក្ខភាពម្នាក់ដែរ៕










